កងម៉ារីន កាលពីថ្ងៃពុធ (ទី៦ ខែសីហា) បានបញ្ជាក់ប្រាប់សារព័ត៌មាន Newsweek ថា សហរដ្ឋអាមេរិកនឹងពង្រីកការដាក់ពង្រាយនាវាគ្មានមនុស្សបើកដែលយកតាមគំរូ «ទូកល្បាតល្បឿនលឿនពិសេស» ពោលគឺជាទូកតូចៗដែលត្រូវបានប្រើប្រាស់ដោយក្រុមជួញដូរគ្រឿងញៀន នៅតំបន់អាមេរិកខាងត្បូង ដើម្បីរត់ពន្ធគ្រឿងញៀន ដោយការដាក់ពង្រាយនេះ គឺគ្មានកំណត់ពេល នៅលើកោះដាច់ស្រយាលមួយរបស់ជប៉ុន ក្បែរប្រទេសចិន។

កងកម្លាំងបេសកកម្មដែនសមុទ្រទី៣ របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅលើកោះអូគីណាវ៉ា ក្នុងដែនទឹកភាគនិរតីរបស់ជប៉ុន បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងបន្តការវាយតម្លៃ និងការរួមបញ្ចូលរបស់ខ្លួន ចំពោះនាវាស្វយ័ត Low-Profile Vessel (ALPV) សម្រាប់ប្រតិបត្តិការ នៅក្នុង «ស្ថានភាពដែលមានការប្រឈម ចម្រូងចម្រាស និងស្មុគស្មាញខ្លាំង»។
ជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅតំបន់ប៉ាស៊ីហ្វិកខាងលិច បង្កើតបានជាផ្នែកមួយនៃខ្សែច្រវាក់កោះទី១ រួមជាមួយនឹងកោះតៃវ៉ាន់ និងហ្វីលីពីន ក្រោមយុទ្ធសាស្ត្រទប់ស្កាត់ដែនសមុទ្ររបស់អាមេរិក ដែលព្យាយាមដាក់កម្រិតលើសកម្មភាពយោធារបស់ចិន នៅក្នុងដែនទឹកក្បែរនោះ ក្នុងករណីមានសង្រ្គាម។
ជាផ្នែកមួយនៃអង្គភាពយោធាមានសមត្ថភាពបំផុតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការដាក់ពង្រាយ ALPV និងឧបករណ៍មានសមត្ថភាពស្វយ័តផ្សេងទៀត ស្របតាមយុទ្ធសាស្ត្រប្រតិបត្តិការរបស់កងម៉ារីនសហរដ្ឋអាមេរិក ដែលមានគោលបំណងលើកកម្ពស់និរន្តរភាព និងលទ្ធភាពប្រតិបត្តិការ នៅក្នុងតំបន់ប្រកួតប្រជែង៕
