អ្នកនាំពាក្យប្រធានាធិបតី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំកន្លែងព្យាបាលមួយ នៅលើកោះ Galang ដែលគ្មានមនុស្សរស់នៅ ដើម្បីព្យាបាលអ្នករបួសប្រហែល ២.000 នាក់នៅតំបន់ហ្កាហ្សា ដែលនឹងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីការជាសះស្បើយឡើងវិញ។
ឥណ្ឌូនេស៊ី ដែលមានប្រជាជនម៉ូស្លីមភាគច្រើន បានបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុក ក្នុងខែតុលា ឆ្នាំ ២០២៣ ដែលមន្ត្រីសុខាភិបាលហ្កាហ្សា បាននិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦០.000នាក់ មិនថាជាយុទ្ធជន ឬអ្នកមិនមែនជាយុទ្ធជនទេ។

អ្នកនាំពាក្យលោក Hasan Nasbi បានប្រាប់អ្នកយកព័ត៌មានថា៖«ប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនហ្កាហ្សាប្រហែល ២.000នាក់ ដែលបានក្លាយជាជនរងគ្រោះនៃសង្គ្រាម អ្នកដែលបានរងរបួស ឬ ត្រូវបានកប់នៅក្រោមគំនរបាក់បែក ដោយបានបន្ថែមថា ការអនុវត្តនេះ មិនមែនជាការជម្លៀសទេ។
លោកបាននិយាយថា ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់កន្លែងនៅលើកោះ Galang ដែលនៅឆ្ងាយពីកោះ Sumatra និងភាគខាងត្បូងនៃប្រទេសសិង្ហបុរី ដើម្បីព្យាបាលប្រជាជនហ្កាហ្សា ដែលរងរបួស និងផ្តល់ជម្រកដល់គ្រួសាររបស់ពួកគេ ជាបណ្ដោះអាសន្ន។
