មន្ត្រីបាននិយាយថា គ្រាប់បែកនៅតាមដងផ្លូវដ៏មានឥទ្ធិពលមួយគ្រាប់ បានផ្ទុះត្រូវចំរថយន្តនគរបាល នៅក្នុងអតីតបន្ទាយដ៏រឹងមាំមួយរបស់ក្រុមតាលីបង់ប៉ាគីស្ថាន នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានជាប់ព្រំដែនអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ ដោយបានបណ្តាលឲ្យយ៉ាងហោចណាស់ មនុស្ស ២នាក់ស្លាប់ និងរបួស ១៤នាក់ផ្សេងទៀត ដែលភាគច្រើនជាអ្នកធ្វើដំណើរ។

យោងតាមប្រធាននគរបាលក្នុងតំបន់ លោក Adam Khan បាននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅក្នុងទីក្រុង Wana នៃស្រុកSouth Wazirista នៃខេត្ត Khyber Pakhtunkhwa។
អំពើហិង្សាបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានឆក់យកជីវិតបុគ្គលិកសន្តិសុខរាប់សិបនាក់។
ប៉ាគីស្ថាន ក៏កំពុងរៀបចំសម្រាប់ប្រតិបត្តិការយោធានៅស្រុក Bajur ដែលជាស្រុកភាគពាយ័ព្យមួយផ្សេងទៀត ដែលមនុស្ស ដែលមានវ័យចំណាស់មួយចំនួន កំពុងពិភាក្សាជាមួយរដ្ឋាភិបាល និងក្រុមបះបោរ ដើម្បីជៀសវាងអំពើហិង្សា។ ប្រតិបត្តិការបែបនេះកាលពីឆ្នាំមុន បានធ្វើឲ្យប្រជាជនរាប់ពាន់នាក់ផ្លាស់ទីលំនៅ។
