សមាជិកជាន់ខ្ពស់នៃនាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប (EU) បានលើកឡើងថា ការបម្លាស់ទីលំនៅ និងការសម្លាប់ នៅតំបន់ហ្កាហ្សា មើលទៅហាក់ដូចជាអំពើប្រល័យពូជសាសន៍ខ្លាំងណាស់ ដោយនេះចាត់ទុកថា ជាស្នងការដំបូងគេហើយ ដែលបាននិយាយចោទប្រកាន់បែបនោះ និងបង្ហាញពីការយល់ឃើញជាសាធារណៈផ្ទុយនឹងជំហររបស់ប្លុក ស្តីពីជម្លោះនេះ។
នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) នេះ មន្ត្រីជាន់ខ្ពស់លំដាប់ទី២ របស់គណៈកម្មាធិការអឺរ៉ុប គឺលោកស្រី Teresa Ribera បានប្រាប់សារព័ត៌មាន Politico ថា៖ «ប្រសិនបើវាមិនមែនជាអំពើប្រល័យពូជសាសន៍ទេនោះ វាក៏មើលទៅដូចខ្លាំងណាស់ទៅនឹងនិយមន័យដែលតែងត្រូវបានប្រើ ដើម្បីបង្ហាញពីអត្ថន័យរបស់វា»។
អ៊ីស្រាអែលតែងតែបានច្រានចោលនូវការចោទប្រកាន់ជាបន្តបន្ទាប់ អំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងសង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ បេសកកម្មរបស់អ៊ីស្រាអែលប្រចាំ EU មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

លោកស្រី Ribera គឺជាអនុប្រធានប្រតិបត្តិរបស់គណៈកម្មការអឺរ៉ុប ដែលនៅតែពីក្រោមលោកស្រីប្រធាន Ursula von der Leyen ប៉ុណ្ណោះ។ អ្នកសង្គមនិយមអេស្ប៉ាញ ដែលធ្វើការជាចម្បងលើអាកាសធាតុ និងបញ្ហាប្រឆាំងនឹងការទុកចិត្ត មិនទទួលខុសត្រូវចំពោះគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបទេ។
នៅក្នុងកិច្ចសម្ភាសន៍ លោកស្រី Ribera បានប្រាប់សារព័ត៌មាន Politico បន្ថែមថា៖ «អ្វីដែលយើងកំពុងឃើញ គឺថា ប្រជាជនជាក់ស្តែងត្រូវបានកំណត់គោលដៅ សម្លាប់ និងធ្វើទុកបុកម្នេញ ដោយការធ្វើឲ្យអត់ឃ្លានរហូតដល់ស្លាប់»។
ការលើកឡើងរបស់លោកស្រីនេះ បានទៅលើសពីអ្វីដែលគណៈកម្មការអឺរ៉ុបបានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភសិទ្ធិមនុស្ស នៅតំបន់ហ្កាហ្សា ប៉ុន្តែមិនបានចោទប្រកាន់អំពីការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ឡើយ៕


