រដ្ឋមន្ត្រីមហាផ្ទៃ លោក Alexander Dobrindt នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) នេះ បានឲ្យដឹងថា អាល្លឺម៉ង់ នឹងជំរុញបន្តដំណើរការគ្រប់គ្រងព្រំដែនបណ្តោះអាសន្នឲ្យហួសពីកាលកំណត់ខែកញ្ញា ខណៈដែលប្រទេសនេះបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់។
អំឡុងផ្ដល់បទសម្ភាសន៍ជាផតឃែស្ថ ជាមួយប្រព័ន្ធផ្សព្វផ្សាយ Table Today លោក Dobrindt បាននិយាយថា ទីក្រុងប៊ែរឡាំងក៏មានគម្រោងនិរទេសបន្ថែមទៀតនូវអ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវបានច្រានចោល ជាពិសេសអ្នកមានកំណត់ត្រាឧក្រិដ្ឋកម្ម ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់ និងទៅកាន់ប្រទេសស៊ីរីដែលរងផលប៉ះពាល់ដោយសង្រ្គាម។
អធិការបតីអភិរក្សនិយមរបស់អាល្លឺម៉ង់ លោក Friedrich Merz បានប្តេជ្ញាថា នឹងបង្រ្កាបយ៉ាងតឹងរ៉ឹងលើជនអន្តោប្រវេសន៍ខុសច្បាប់ ដោយនិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ការកើនឡើងនូវការគាំទ្រ ចំពោះក្រុមស្ដាំនិយមជ្រុល គឺគណបក្ស Alternative for Germany (AfD)។
ដោយលើកឡើងពីវិធានការដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ក្រោមរដ្ឋាភិបាលមុនរបស់លោក Olaf Scholz និងដែលបានបន្លាយរយៈពេល ៦ខែបន្ថែម កាលពីខែមីនា លោក Dobrindt បានប្រាប់ថា៖ «យើងនឹងបន្តអនុវត្តការគ្រប់គ្រងព្រំដែនឲ្យហួសពីកាលកំណត់ថ្ងៃទី១៥ ខែកញ្ញា»។
លោកបានបន្ថែមថា៖ «យើងមានការឯកភាពជាមួយដៃគូអឺរ៉ុបរបស់យើង ដែលថា នេះជាវិធានការចាំបាច់រហូតដល់ប្រព័ន្ធការពារព្រំដែនខាងក្រៅ (របសើ EU) ដំណើរការពេញលេញ»៕