ជនសង្ស័យដែលមានបំណងបំផ្លិចបំផ្លាញ បានបាញ់ថ្នាំពណ៌ក្រហម នៅផ្នែកខាងមុខនៃការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីស្រាអែល El Al នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយការធ្វើបែបនេះបាននាំឲ្យមានថ្កោលទោសពីរដ្ឋមន្ត្រីដឹកជញ្ជូនបារាំង លោក Philippe Tabarot នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) នេះ។
អក្សរ «សេរីភាពប៉ាឡេស្ទីន» និងពាក្យស្លោកផ្សេងទៀត ត្រូវបានគេគូសវាសដោយថ្នាំពណ៌ក្រហម នៅច្រកចូលនៃការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍ El Al។ ក្រោយកើតមានហេតុការណ៍នោះ លោក Tabarot បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ទង្វើស្អប់ខ្ពើម និងប្រឆាំងជនជាតិជ្វីហ្វ មិនមាននៅក្នុងសាធារណរដ្ឋនេះទេ»។
លោក Joshua Zarka ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងប៉ារីស ក៏បានថ្កោលទោសឧប្បត្តិហេតុនេះផងដែរ។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «វាច្បាស់ណាស់គឺជាការវាយប្រហារ គ្មានអ្វីលើសពីនេះទេ គ្មានអ្វីដែលថា មិនមែនបែបហ្នឹងឡើយ វាគឺជាការប្រឆាំងនឹងក្រុមហ៊ុនអ៊ីស្រាអែល ហើយវាគឺជាការប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល»។
គួរបញ្ជាក់ថា ប្រទេសបារាំងបានឃើញឧក្រិដ្ឋកម្មស្អប់ខ្ពើមកើនឡើង បន្ទាប់ពីមានការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែលដោយក្រុមហាម៉ាស និងយុទ្ធនាការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា៕