ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្រុមអាទិភាពរស់នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ដែលកម្ពុជាទទួលបានជំនួយពីប្រទេសអូស្រ្តាលីជាង ២លាន៣សែនដូស។
ក្រុមអាទិភាពជួរមុខ នៅថ្ងៃទី១៥ខែមករានេះ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ស្ថិតនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានប្រាប់BTVឲ្យដឹងថា ក្រោយពីបានចាក់វ៉ាក់សាំងដូសទី៤រួច គឺជួយបង្កើនទំនុកចិត្តមិនសូវភ័យខ្លាច ក្នុងការរស់នៅតាមបែបគន្លថ្មីជាមួយជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
ក្រៅពីនេះ ពួកគាត់បានអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែយកចិត្តទុកចំពោះប្រជាពលរដ្ឋ ជាពិសេសក្រុមទិភាពជួរមុខ ដែលប្រឈមនិងការឆ្លងជំងឺកូវីដ-១៩ ជាងប្រជាពលរដ្ឋទូទៅ។
បើតាមសេចក្តីជូនដំណឹងរបស់គ.វ.ក.១៩ ចេញផ្សាយនៅពេលថ្មីៗនេះ បានបង្ហាញថា យុទ្ធនាចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ជូនក្រុមអាទិភាព និងពលរដ្ឋអាយុពី ៦០ឡើងទៅ បច្ចុប្បន្នគឺអនុវត្តនៅតែរាជធានីភ្នំពេញ ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាពត្រជាក់ -៨០អង្សាសេ។សម្រាប់បណ្តារាជធានី-ខេត្ត ២៤ផ្សេងទៀត នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់ពីកម្ពុជាទទួលបានប្រព័ន្ធត្រជាក់ពីអង្គការ Unicef ជាផ្គត់ផ្គង់។
កន្លងទៅសម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវី-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ដែលមានការឆ្លងលឿនជាងប្រភេទមុនៗ បង្ករផលប៉ះពាល់ដល់រស់នៅប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
ក្រៅពីនេះ សម្តេចតេជោបានក្រើនរំលឹកដល់ពលរដ្ឋ កុំភ័យស្លន់ស្លោ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ បូករួមនិងការទៅទទួលការចាក់វ៉ាក់សាំងកូវីដឲ្យគ្រប់ចំនួនដូស តាមការកំណត់របស់គ្រូពេទ្យ។
បច្ចុប្បន្នកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់សាំងកូវីដ ជូនពលរដ្ឋបានជាច្រើនលាននាក់៕ អត្ថបទ៖ ទូច សោភ័ណ




