ក្រុមអ្នកពន្លត់អគ្គិភ័យនៅភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ៧ សីហា បានប្រឹងប្រែងបញ្ឈប់ភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងរដូវក្តៅរបស់ប្រទេសនេះ ដែលបានឆក់យកជីវិតមនុស្សម្នាក់ រងរបួសជាងរាប់សិបនាក់ និងបានឆេះបំផ្លាញផ្ទៃដីរាប់ពាន់ហិកតា។
ក្រុមមន្ត្រីបាននិយាយថា ការផ្តោតសំខាន់គឺទៅលើស្ថេរភាពនៃចំហេះព្រៃ មុនពេលលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់នៅថ្ងៃបន្ទាប់។ ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល២.០០០នាក់នៅតែត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់ អៅដេ (Aude) ជាទីដែលភ្លើងបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃអង្គារសប្ដា៍នេះ។
ក្រុមអាជ្ញាធរបាននិយាយថា អណ្ដាតភ្លើងបានថយចុះនៅពេលយប់ជ្រៅ បើធៀបនឹងកាលពីដើមសប្តាហ៍ ដែលកំពុងរីករាលដាលក្នុងអត្រាប្រហែល១.០០០ហិកតាក្នុងមួយម៉ោង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ភ្លើងបានឆេះអស់ប្រហែល ១៧.០០០ ហិកតា។
សីតុណ្ហភាពក្នុងតំបន់អឺរ៉ុប ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៣២ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការរំពឹងទុកថាខ្យល់បក់កាន់តែខ្លាំងនៅពេលរសៀល។ ក្រុមពន្លត់អគ្គិភ័យបានព្រមានថាលក្ខខណ្ឌអាកាសអាចប្រែប្រួលម្តងទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុបានព្រមានថា ការឡើងកម្ដៅភពផែនដីកំពុងជំរុញឱ្យរលកកម្ដៅកាន់តែយូរ និងកាន់តែខ្លាំង ដែលបង្កើនហានិភ័យនៃភ្លើងឆេះព្រៃដ៏ធំនៅទូទាំងទ្វីបអឺរ៉ុប៕

