លោក Dmitry Polyanskiy អគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅសប្តាហ៍ក្រោយនេះហើយ ប៉ុន្តែថា លោកមិនបានដឹងអំពីជំនួបគ្រោងទុករវាងលោក Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskiy នោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មានអំពីជំនួបលោក Putin-Trump លោក Polyanskiy បាននិយាយថា៖ "តាមលោកបានដឹងឮគឺមានទីតាំងជំនួបមួយចំនួន... មានការយល់ព្រមហើយតែមិនចង់បញ្ចេញ ចំណែកពេលវេលាគឺគិតថានៅសប្តាហ៍ក្រោយ"។ មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា "លោកមិនបានដឹងអ្វីឡើយពីកិច្ចប្រជុំណាមួយដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Zelenskiy នោះទេ"។
វិមានក្រឹមឡាំងក៏បាននិយាយនៅថ្ងៃព្រហស្បតិ៍ដដែលនោះថា មេដឹកនាំរុស្ស៊ី និងសមភាគីអាមេរិក បានយល់ព្រមជួបគ្នានៅសប្តាហ៍ក្រោយ។ លោក Putin បង្ហើបថា អេមីរ៉ាតអារ៉ាប់រួមអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរបស់លោកជាមួយលោក Trump ប្រហែលលឿនបំផុតនៅសប្តាហ៍ក្រោយនេះ។ សូមបញ្ជាក់ថា ពុំមានជំនួបកំពូលរវាងមេដឹកនាំអាមេរិក និងរុស្ស៊ីទេ ចាប់តាំងពីលោក Putin និងអតីតប្រធានាធិបតី Joe Biden បានជួបគ្នានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២១ មក។
លោក Putin ក៏បានសំដៅទៅលើលទ្ធភាពនៃកិច្ចប្រជុំជាមួយលោក Zelenskiy ផងដែរ ដោយនិយាយថា "លក្ខខណ្ឌ" មិនត្រូវបានឆ្លើយតបនៅឡើយ ហើយនៅតែមាន "ការអូសបន្លាយពេលដ៏យូរសម្រាប់ការបង្កើតលក្ខខណ្ឌបែបនេះ"។ កន្លងមក លោក Putin ធ្លាប់និយាយថា លោកនឹងជួបលោក Zelensky តែក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះនៃកិច្ចចរចាសន្តិភាព៕

