ក្រុមហ៊ុនទំនាក់ទំនងមួយរបស់ទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៣លានដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងក្រសួងព័ត៌មានរបស់សហភាពមីយ៉ាន់ម៉ា ដើម្បីជួយប្រទេសដែលគ្រប់គ្រងដោយរបបសឹកតាំងតែពីឆ្នាំ២០២១មកនេះ កសាងចំណងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ។

យោងតាមឯកសារដែលបានដាក់នៅក្រោមច្បាប់ចុះបញ្ជីភ្នាក់ងារបរទេសរបស់សហរដ្ឋអាមេរិក ហៅកាត់ថាទីភ្នាក់ងារ FARA បានឱ្យដឹងថា ក្រុមហ៊ុន DCI Group —ជាក្រុមហ៊ុនកិច្ចការសាធារណៈឯករាជ្យដែលមានឯកទេសខាងស្ដារទំនាក់ទំនងជាយុទ្ធសាស្ត្រ— បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែកក្កដា កន្លងទៅ គឺជាថ្ងៃដែលយោធាមីយ៉ាន់ម៉ាផ្ទេរអំណាចទៅរដ្ឋាភិបាលស៊ីវិលបណ្តោះអាសន្ន នៅមុនការបោះឆ្នោតដែលបានគ្រោងទុក។
ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននេះនៅតែបង្ហាញសញ្ញាថា ពុំមានការផ្លាស់ប្តូរស្ថានភាពនៅមីយ៉ាន់ម៉ាទេ ដោយលោក Min Aung Hlaing បន្តកាន់អំណាចសំខាន់ៗទាំងអស់ក្នុងឋានៈជាប្រធានាធិបតីស្តីទី ខណៈរក្សាតំណែងជាប្រធានកងកម្លាំងប្រដាប់អាវុធ។ ប្រមុខរបបសឹករូបនេះហាក់ដូចជាចង់ធ្វើទំនាក់ទំនងជាមួយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីភាពឯកោជាច្រើនឆ្នាំ។

ឯកសាររបស់ទីភ្នាក់ងារ FARA បង្ហាញថា ក្រុមហ៊ុន DCI Group "នឹងផ្តល់សេវាកិច្ចការសាធារណៈដល់អតិថិជន ទាក់ទងនឹងការកសាងទំនាក់ទំនងឡើងវិញរវាងមីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក ដោយផ្តោតលើពាណិជ្ជកម្ម ធនធានធម្មជាតិ និងជំនួយមនុស្សធម៌”៕