អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា មនុស្សជិត២០០នាក់ រួមមានកុមារ៩៦នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ខណៈប្រជាជនកំពុងតស៊ូទប់ទល់នឹងស្ថានការអាក្រក់ដើម្បីទទួលបានស្បៀងអាហារពីការទម្លាក់ជំនួយតាមអាកាសដ៏គ្រោះថ្នាក់ និងនៅមជ្ឈមណ្ឌលផ្តល់ជំនួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) ។

ខណៈទុរ្ភិក្សបង្កើតឡើងដោយមនុស្សរបស់អ៊ីស្រាអែល ដោយការបិទផ្លូវដែលនៅតែបន្តរឹតបន្តឹងឲ្យស្ថិតក្រោមការក្តោបក្តាប់របស់ខ្លួននៅតំបន់ហ៊ុមព័ទ្ធហា្កហ្សា មន្ទីរពេទ្យជាច្រើនបានកត់ត្រាអ្នកស្លាប់ចំនួនបួននាក់ទៀតពី «ទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ» កាលពីថ្ងៃព្រហស្បតិ៍ រួមមានកុមារពីរនាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារ«ទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ» សរុបឡើងដល់១៩៧នាក់។

ក្នុងពេលចំនួនអ្នកស្លាប់កើនឡើង នាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា កុមារប្រហែល១២.០០០នាក់មានអាយុក្រោម៥ឆ្នាំ បានទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរកាលពីក្នុងខែកក្កដា ជាតួលេខប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន។