
ព្រៃវែង៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច មានព្រះបន្ទួលថា គណបក្សហ៊្វុនស៊ិនប៉ិច បើកទ្វារចំហរជានិច្ច ក្នុងការចាំទទួលអ្នកគាំទ្រ និងបានអំពាវនាវ ដល់សមាជិក សមាជិកាបក្ស នាំគ្នារួបរួមឡើងវិញ ដើម្បីឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២នេះ ទទួលបានជោគជ័យ។
ក្នុងឱកាសយាងសំណេះសំណេះសមាជិក សមាជិក និងអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច នៅខេត្តព្រៃវែង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានព្រះបន្ទួលថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែបន្តដង្ហែរតាមគោលនយោបាយ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រួមទាំងចង់ឲ្យអ្នករាជានិយមទាំងអស់ មានការរួបរួមគ្នា ហើយគាំទ្រ និងបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច ។
ព្រះអង្គម្ចាស់ មានបន្ទួលបន្តថា បច្ចុប្បន្នគណបក្សហ៊្វុនស៊ិនប៉ិច បានបើកទ្វារចំហរជានិច្ច ក្នុងការទទួលយកនូវអ្នកគាំទ្រ ហើយសូមឲ្យសមាជិក សមាជិកា និងអ្នកគាំទ្រ ធ្លាប់បោះឆ្នោតថ្វាយសម្ដេចក្រុមព្រះទាំងអស់ សូមរួបរួមគ្នាឡើងវិញ ដើម្បបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការទទួលបានជោគជ័យ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២នេះ រួមទាំងការបោះឆ្នោតសកលនៅឆ្នាំ២០២៣។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទួលអំពាវនាវទៅកាន់សមាជិក សមាជិកាបក្ស ដែលជារចនាសម្ព័ន្ធ ត្រូវធ្វើការកៀរគរ និងប្រមែប្រមូលអ្នករាជានិយម ដើម្បីបន្តគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ហើយព្រះអង្គប្ដេជ្ញាក្នុងការថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច បន្តពីសម្ដេចក្រុមព្រះ។
ជាមួយគ្នានេះព្រះអង្គម្ចាស់ បានមានបន្ទួលថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបន្តរួមរស់ជីវភាពនយោបាយជាមួយហ៊្វុនស៊ិនប៉ិច ដោយមិនមានការងាករេ ដោយបានដង្ហែរសម្ដេចក្រុមព្រះរហូតមក ៕ អត្ថបទ៖ បាន សុខរិទ្ធិ






