យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៦នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារពីរលើកដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅភាគខាងកើតប្រទេសលីបង់ ជាការរំលោភបំពានចុងក្រោយរបស់ប្រទេសនេះចំពោះបទឈប់បាញ់កាលពីខែវិច្ឆិកា ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមជាមួយក្រុមហេសបូឡានៅប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសលីបង់ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល បាននិយាយថា ការវាយប្រហារបានធ្លាក់លើរថយន្តមួយគ្រឿងកាលពីថ្ងៃព្រហស្បតិ៍នៅលើផ្លូវអន្តរជាតិ al-Masnaa ដោយបានសម្លាប់មនុស្ស៥នាក់ និង១០នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារដោយយានដ្រូនមួយផ្សេងទៀតបានសម្លាប់ជនស៊ីវិលលីបង់ម្នាក់នៅក្នុងក្រុង Kfar Dan។ យោងតាមទីភ្នាក់ងារបានឲ្យដឹងថា បុរសម្នាក់នេះកំពុងឈរនៅខាងក្រៅផ្ទះរបស់លោក នៅពេលនោះលោកត្រូវបានគេកំណត់គោលដៅដោយយានដ្រូន។

យោធាអ៊ីស្រាអែល ពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។ ការវាយប្រហារ តាមសេចក្តីរាយការណ៍ថា បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់ប្រទេសលីបង់ បានអនុម័តសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ក្រុមហេសបូឡាឲ្យរំសាយអាវុធនៅចុងឆ្នាំនេះ។ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចាប់ផ្តើមនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមនៅលីបង់នេះ បានបើកការវាយប្រហារក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបានឈានដល់សង្គ្រាមទ្រង់ទ្រាយធំកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយបានសម្លាប់មនុស្សជាង៤.០០០នាក់ និងរបួសប្រមាណ១៧.០០០នាក់ ។