ប្រធានាធិបតីអាមេរិក លោក Donald Trump បានអបអរការចាប់ផ្តើមចូលជាធរមាននៃអត្រាពន្ធគយខ្ពស់ៗដែលរង់ចាំជាយូរមកហើយរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) ដោយប្រកាសថា ទឹកប្រាក់រាប់ពាន់លានដុល្លារ "កំពុងហូរចូលទៅសហរដ្ឋអាមេរិក ក្នុងកម្រិតដែលនឹកស្មានមិនដល់!" — ខណៈសេដ្ឋវិទូនិយាយថា តម្លៃខូចខាតនៃពន្ធនាំចូលទាំងនោះប្រហែលជានឹងបញ្ជូនទៅឱ្យអតិថិជន និងអាជីវកម្មរបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ សេតវិមានបានស្វះស្វែងពន្លឿនកិច្ចព្រមព្រៀងជាមួយចិន ដែលជាជម្រើសជំនួសឱ្យកិច្ចព្រមព្រៀងបណ្តោះអាសន្ន ខណៈកិច្ចចរចានៅតែបន្ត។ លោក Howard Lutnick រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក បានប្រាប់ទូរទស្សន៍ Fox News នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ការបន្តរយៈពេល ៩០ថ្ងៃទៀតនៃកិច្ចព្រមព្រៀងបន្ទាបពន្ធជាមួយចិន គឺ "ទំនងអាចកើតមាន" នៅពេលកិច្ចពិភាក្សាមានការវិវត្ត។
ក្រុមមន្ត្រីអាមេរិក និងចិន បានជួបប្រជុំគ្នានៅស៊ុយអែត កាលពីថ្ងៃទី២៨ ខែកក្កដា អស់រយៈពេលជាង ៥ម៉ោង នៃកិច្ចពិភាក្សាក្នុងគោលបំណងដោះស្រាយជម្លោះសេដ្ឋកិច្ច ជាមួយនឹងគោលដៅនៃការបន្តកិច្ចព្រមព្រៀងបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្មរយៈពេល ៣ខែទៀត។
យ៉ាងណាមិញ លោក Trump មិនទាន់បញ្ជាក់ឡើយថា ក្រុមអ្នកចរចានៅទីក្រុងស្តុកខុមនោះ បានឈានដល់កិច្ចព្រមព្រៀងបន្ថែមពេលជាផ្លូវការ ឬយ៉ាងណា ខណៈកាលបរិច្ឆេទកំណត់នៅថ្ងៃទី១២ ខែសីហា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពន្ធជាប់លាប់រវាងចិន-អាមេរិក ខិតកាន់តែកៀក៕

