ប្រទេសចិន បានព្រមានហ្វីលីពីន នៅថ្ងៃសុក្រ (៨ សីហា) នេះថា ទីក្រុងម៉ានីលកំពុងតែ "ប្រលែងលេងជាមួយភ្លើង" បន្ទាប់ពីលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះអាចនឹងត្រូវអូសទាញឱ្យធ្លាក់ក្នុងជម្លោះណាមួយរវាងចិន និងសហរដ្ឋអាមេរិក ដោយសារតែបញ្ហាកោះតៃវ៉ាន់។

ការព្រមានរបស់ទីក្រុងប៉េកាំងនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Marcos ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឥណ្ឌា ដែលលោកនិយាយថា ភាពស្និទ្ធស្នាលរបស់ហ្វីលីពីន ចំពោះកោះតៃវ៉ាន់ និងសហគមន៍ហ្វីលីពីនដ៏ធំនៅទីនោះ នឹងនាំឱ្យមានការចូលរួមចាំបាច់ក្នុងជម្លោះបែបនេះ។
ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ភាពជិតខាងផ្នែកភូមិសាស្ត្រ និងប្រជាជននៅបរទេសដ៏ធំ មិនមែនជាលេសសម្រាប់ប្រទេសមួយក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា៖ ចិនជំរុញឱ្យហ្វីលីពីនប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ... និងជៀសវាងការប្រលែងលេងជាមួយភ្លើង លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន"។
ការលើកឡើងរបស់លោក Marcos នោះ បានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញជម្លោះដែនទឹកនៅក្នុងបណ្ដាញផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីសកម្មភាពដ៏គ្រោះថ្នាក់នានានៅដែនទឹកដ៏ប្រកួតប្រជែងនោះ៕

