ឥណ្ឌា ចង់ឱ្យប្រជាជាតិនានាក្នុងពិភពលោកយល់ព្រមលើក្រមប្រតិបត្តិថ្មីមួយស្តីពីការជួលបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ជំនាញរបស់គ្នាទៅវិញទៅមក បន្ទាប់ពីមានក្ដីបារម្ភថា ប្រព័ន្ធអាកាសចរណ៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន កំពុងរងផលប៉ះពាល់ដោយសារក្រុមហ៊ុនអន្តរជាតិសម្រុកជួលអាកាសយានិកជំនាញ និងបុគ្គលិកយន្តហោះពីឥណ្ឌា ដោយពុំមានការជូនដំណឹងគ្រប់គ្រាន់។

ឥណ្ឌា ដែលជាទីផ្សារអាកាសចរណ៍រីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក កំពុងតែបារម្ភដោយសារកង្វះអាកាសយានិកមានបទពិសោធន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីប្រាថ្នារបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោក។ លើសពីនេះ សោកនាដកម្មធ្លាក់យន្តហោះ Air India នាពេលថ្មីៗនេះ បានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើវិស័យបែបនេះ។
ឥណ្ឌា បាននិយាយក្នុងឯកសារការងារកាលពីថ្ងៃទី១ ខែសីហា ដែលដាក់ជូនទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិ គឺអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ICAO ថា៖ ក្រុមហ៊ុនអាកាសចរណ៍បរទេសកំពុងតាមជួលបុគ្គលិកជំនាញពីក្រុមហ៊ុនឥណ្ឌាម្តងហើយម្តងទៀត ដែលនេះបានបង្កផល "ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ឥណ្ឌា ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលរបស់ខ្លួនប្រកបដោយសណ្តាប់ធ្នាប់"។
ឯកសារការងាររបស់ទីក្រុងញូវដេលីនេះ បានស្នើឱ្យបង្កើតក្រមប្រតិបត្តិស្តីពីការចល័តកម្មករអាកាសចរណ៍ជំនាញក្នុងចំណោមប្រទេសសមាជិករបស់អង្គការ ICAO ប៉ុន្តែមិនបញ្ជាក់ពីវិធិសាស្រ្តដែលក្រមនេះនឹងដំណើរការនោះទេ។ គួរឱ្យដឹងថា ICAO ត្រូវបានបង្កើតឡើង បន្ទាប់ពីអាមេរិក បានអញ្ជើញសម្ព័ន្ធមិត្តជាង ៥០ប្រទេស ឱ្យយល់ព្រមបង្កើតប្រព័ន្ធរុករកផ្លូវអាកាសរួម ក្នុងឆ្នាំ១៩៤៤៕

