អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារប្រហែល១២.០០០ នាក់មានអាយុក្រោម៥ឆ្នាំនៅក្នុងតំបន់ហ្កាហ្សាកំពុងទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយអ្នកស្លាប់ទាក់ទងនឹងភាពអត់ឃ្លានកំពុងកើនឡើង។

លោក Tedros Adhanom Ghebreyesus បាននិយាយនៅឯទីស្នាក់ការកណ្តាលក្នុងទីក្រុងហ្សឺណែវថា «នៅក្នុងខែកក្កដា កុមារជិត១២.០០០នាក់ មានអាយុក្រោម ៥ ឆ្នាំ ត្រូវបានគេកំណត់ថាខ្វះអាហារូបត្ថម្ភខ្លាំងនៅតំបន់ហ្កាហ្សា ជាតួលេខប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន។

ខណៈកុមារប្រហែល២.៥០០នាក់ក្នុងចំណោមកុមារទាំងនេះ កំពុងទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ លោក Tedros បានអំពាវនាវឱ្យមានជំនួយកាន់តែច្រើនប្រកបដោយនិរន្តរភាព តាមរយៈច្រកចូលដែលអាចធ្វើបានទាំងអស់។ អង្គការសុខភាពពិភពលោក និយាយថា ស្ថាប័ននេះកំពុងជួយដល់មជ្ឈមណ្ឌលកង្វះអាហារូបត្ថម្ភចំនួនបួនកន្លែងនៅតំបន់ហ្កាហ្សា ប៉ុន្តែការផ្គត់ផ្គង់ទឹកដោះគោនិងអាហារបំប៉នទារក មានកម្រិតទាបខ្លាំង។
អង្គការឃ្លាំមើលភាពអត់ឃ្លានសកលបាននិយាយថា សេណារីយ៉ូទុរ្ភិក្សកំពុងបង្ហាញនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយភាពអត់ឃ្លានរាលដាល ខណៈកុមារកំពុងស្លាប់ជាបន្តបន្ទាប់ដោយសារមូលហេតុទាក់ទងនឹងភាពអត់ឃ្លាន និងដំណើរការមនុស្សធម៌ចូលទៅកាន់តំបន់ហ៊ុមព័ទ្ធដែលប្រយុទ្ធគ្នាត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការប្រើប្រាស់ស្បៀងនៅទូទាំងតំបន់ហ្កាហ្សា បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមចាប់ផ្តើម។