លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) បាននិយាយថា សមភាគីរុស្ស៊ី លោក Vladimir Putin មិនចាំបាច់ជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នោះទេ ត្រឹមតែជំនួបរវាងលោក និងលោក Putin ក៏បានដែរ។

នៅពេលត្រូវសាកសួរថាតើត្រូវតែមានជំនួបត្រីភាគីឬទេ លោក Trump ប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval Office ថា "មិនចាំបាច់ទេ"។ លោកប្រធានាធិបតីអាមរិករូបនេះបន្តថា៖ "ភាគីរុស្ស៊ីចង់ជួបជាមួយលោក ដូច្នេះហើយលោកនឹងធ្វើអ្វីដែលអាចធ្វើបានដើម្បីបញ្ឈប់ការកាប់សម្លាប់នេះ"។
នៅមុននោះកាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងការអះអាងរបស់វិមានក្រឹមឡាំងដែលថាជំនួបកំពូលលោក Trump-Putin ត្រូវបានកំណត់រួចហើយ មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោក Putin ក៏នឹងត្រូវជួបជាមួយលោក Zelenskiy ផងដែរដើម្បីឱ្យកិច្ចប្រជុំនេះអាចប្រព្រឹត្តទៅបាន។
ក្រោយមក អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា លោក Trump "បើកចំហ" លើការជួបតែជាមួយលោក Putin ខណៈបំណងសម្រាប់កិច្ចប្រជុំត្រីភាគីក៏នៅតែមានដដែល។ ទីប្រឹក្សារបស់លោក Putin គឺលោក Yuri Ushakov បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រេសិតពិសេសរបស់សេតវិមាន លោក Steve Witkoff បានលើកឡើងពីគំនិតនៃជំនួបត្រីភាគីរវាងលោក Putin លោក Trump និងលោក Zelenskiy ប៉ុន្តែថា កិច្ចប្រជុំនាពេលខាងមុខមានតែរវាងលោក Trump និងលោក Putin ប៉ុណ្ណោះ។
ចំណែកលោក Zelenskiy វិញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដដែលថា អ៊ុយក្រែន និងអឺរ៉ុបគួរតែជាផ្នែកនៃកិច្ចពិភាក្សាដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលកងកម្លាំងរបស់លោក Putin វាយចូលអ៊ុយក្រែន៕

