និស្សិតរាប់រយនាក់មកពីសាកលវិទ្យាល័យ Sanaa បានធ្វើពិធីដង្ហែក្បួនតវ៉ា នៅក្នុងរដ្ឋធានីយេម៉ែន កាលពីថ្ងៃពុធ ដោយបានរិះគន់ប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់អ៊ីស្រាអែល និងការបិទផ្លូវ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ដោយស្រែកបន្ទរពាក្យស្លោក៖ «សូមដោះលែងប៉ាឡេស្ទីន» ក្រុមបាតុករ បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់នូវអ្វី ដែលពួកគេបានពិពណ៌នាថា ជាមហន្តរាយមនុស្សធម៌ នៅហ្កាហ្សា។
ក្នុងអំឡុងពេលបាតុកម្ម និស្សិតទាំងអស់ បានដើរលើទង់ជាតិធំៗតំណាងឲ្យប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ខណៈដែលកំពុងគ្រវីទង់ជាតិយេម៉ែន និងប៉ាឡេស្ទីន។

ពួកគេក៏បានកាន់បដាគាំទ្រកងកម្លាំងប្រដាប់អាវុធដឹកនាំដោយក្រុមហ៊ួទី ដែលបានបាញ់មីស៊ីលបាលីស្ទីក និងការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងអ៊ីស្រាអែល ជាប្រតិបត្តិការដែលក្រុមនេះ បានអះអាងថាមានគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។
ការតវ៉ាដែលដឹកនាំដោយនិស្សិតស្រដៀងគ្នានេះ បានធ្វើឡើង ក្នុងថ្ងៃតែមួយ នៅទីក្រុងកំពង់ផែ Hodeidah ភាគខាងលិច។
អ៊ីស្រាអែលបាននិងកំពុងធ្វើសង្រ្គាមទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលរហូតមកដល់ពេលនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៦១.១៥៨នាក់ របួស ១៥១.៤៤២នាក់ និងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយដោយអាជ្ញាធរសុខាភិបាលហ្កាហ្សាកាលពីថ្ងៃពុធ។