បាល់ទាត់៖ ក្លិបព្រះខ័នរាជស្វាយរៀង នឹងបង្ហាញឯកសណ្ឋានផ្លូវការសម្រាប់ឯកសណ្ឋានប្រកួតក្នុងដី និងក្រៅដីរដូវកាលឆ្នាំ២០២១ នាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១២ ខែមីនានេះ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការ របស់អតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៤សម័យកាលពីម្សិលមិញ។
ការប្រកាសត្រៀមបង្ហាញឯកសណ្ឋានរដូវកាលថ្មីនេះ ធ្វើឡើងស្របពេលក្លិបព្រះខ័នរាជស្វាយរៀង ត្រៀមប្រកួតបើករដូវកាលថ្មីដំបូងរបស់ខ្លួន ដោយត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមអគ្គិសនីកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ស្អែកនេះនៅកីឡដ្ឋានខេត្តស្វាយរៀងក្នុងសប្ដាហ៍ទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។ នេះគឺជាព័ត៌មានមួយដែលអ្នកគាំទ្រ ព្រះខ័នរាជស្វាយរៀងកំពុងទន្ទឹងរង់ចាំ។ កន្លងមកក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ តែងតែប្រើឯកសណ្ឋានក្នុងដីពណ៌ខៀវ និងឯកសណ្ឋានក្រៅដីពណ៌ក្រហម។ ដូច្នេះចាំអ៊ុតទាំងអស់គ្នា តើឯកសណ្ឋានថ្មីរបស់ព្រះខ័នរាជស្វាយរៀងឆ្នាំនេះមានពណ៌អ្វីខ្លះ និងមានការរចនាពិសេសដូចម្ដេចដែរ?
អត្ថបទ៖ លី ឈុនឡា