សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) បានដាក់ទណ្ឌកម្មថ្មីៗលើអង្គភាព និងបុគ្គលចំនួន១៨ ដើម្បីកំណត់គោលដៅលើអ្វីដែលក្រសួងរតនាគារអាមេរិក ហៅថាជាបណ្តាញដែលជួយអ៊ីរ៉ង់ គេចចេញពីទណ្ឌកម្ម និងបង្កើតប្រាក់ចំណូល។
សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារបានឱ្យដឹងថា គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោននោះរួមមាន ក្រុមហ៊ុនប្រព័ន្ធប្តូរប្រាក់ RUNC និងថ្នាក់ដឹកនាំរបស់ស្ថាប័ននេះ; ធនាគារ Cyrus Offshore Bank; និងក្រុមហ៊ុនសូហ្វវែររបស់អ៊ីរ៉ង់ឈ្មោះស្ថាប័នបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង Pasargad Arian។
លោក Scott Bessent រដ្ឋមន្រ្តីរតនាគារអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "រតនាគារនឹងបន្តបង្អាក់គម្រោងរបស់អ៊ីរ៉ង់ ដែលមានបំណងគេចវេសចេញពីការដាក់ទណ្ឌកម្មរបស់អាមេរិក រារាំងលទ្ធភាពទទួលបានប្រាក់ចំណូល និងទប់ស្កាត់ដើមទុនកម្មវិធីអាវុធរបស់ខ្លួន ដើម្បីការពារប្រជាជនអាមេរិក"។
ក្រសួងរតនាគារ កាលពីចុងខែកក្កដា បានប្រកាសដាក់ទណ្ឌកម្មទ្រង់ទ្រាយធំមួយផ្សេងទៀតរួចមកហើយទៅលើបុគ្គល អង្គភាព និងនាវាជាង ១១៥ ដែលពាក់ព័ន្ធជាមួយអ៊ីរ៉ង់ នៅក្នុងសញ្ញាមួយដែលថា រដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងបង្កើនយុទ្ធនាការ "សម្ពាធអតិបរមា" របស់ខ្លួន បន្ទាប់ពីការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ទីក្រុងតេអេរ៉ង់ កាលពីខែមិថុនា៕