ប្រទេសចិនបានបង្ហាញជាថ្មីម្តងទៀតថា ខ្លួនកំពុងទទួលរងនូវព្យុះនៃសម្ពាធពន្ធរបស់ប្រធានាធិបតីអាមេ រិក លោក ដូណាល់ ត្រាំ ( Donald Trump) ដោយការនាំចេញរបស់ខ្លួន បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំខ្ពស់ជាងការរំពឹងទុកចំនួន ៧,២% នៅក្នុងខែកក្កដា។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែក្រុមអ្នកជំនាញព្រមានថា ការកើនឡើងនូវការនាំចេញរបស់ប្រទេសនេះនៅចំពោះមុខភាពតានតឹងពាណិជ្ជកម្មនេះ ប្រហែលជាមិនឋិតថេរនោះទេ។
លោក Henry Gao អ្នកជំនាញផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី បាននិយាយថា៖ «លោក ស៊ី ជីនពីង (Xi Jinping) ទំនងជានឹងបកស្រាយតួលេខនាំចេញដ៏រឹងមាំថា ជាសុពលភាពនៃភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងសម្ពាធពីខាងក្រៅ»។
យោងតាមស្ថិតិផ្លូវការបានឲ្យដឹងថា អត្រាកំណើននៃការនាំចេញសរុប លើសពីការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច ទោះបីជាការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២២% ចាប់តាំងពីខែកក្កដា ឆ្នាំមុនក៏ដោយ។ ទន្ទឹមនឹងនេះដែរ ការនាំចូលបានកើនឡើងសម្រាប់ពីរខែជាប់ៗគ្នា និងក្នុងអត្រាលឿនបំផុត ក្នុងមួយឆ្នាំ ដោយកើនឡើង ៤,១ % បើធៀបនឹងខែកក្កដា ឆ្នាំ ២០២៤។