ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ កងឯកភាពនៃកងពលតូចអន្តរាគមន៍លេខ៨។

ពិធីនេះ បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ នៅគេហដ្ឋានសព ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានចូលរួមរំលែកទុក្ខជាមួយគ្រួសារ លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ ជាវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា និងបានឧបត្ថម្ភទឹកប្រាក់មួយចំនួន។
ក្រោយពីឯកឧត្តម ហ៊ុន ម៉ានី បានគោរពវិញ្ញាណក្ខន្ធវីរកងទ័ពរួច ថ្នាក់ដឹកនាំខេត្តក្រចេះក៏ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ កងឯកភាពនៃកងពលតូចអន្តរាគមន៍លេខ ៨ និងបានចូលរួមរំលែកទុក្ខជាមួយគ្រួសារ រួមទាំងបានឧបត្ថម្ភទឹកប្រាក់មួយចំនួនផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំខេត្តក្រចេះ សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិមុខ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ សេង ម័រ




