សហរដ្ឋអាមេរិកគ្រោងនឹងសាងសង់កន្លែងឃុំខ្លួនជនអន្តោប្រវេសន៍ដ៏ធំបំផុតមិនធ្លាប់មាន នៅឯមូលដ្ឋានយោធា ក្នុងរដ្ឋ Texas ដោយមន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) បានប្រាប់ថា ផែនការដំបូង គឺដើម្បីផ្ទុកមនុស្សចំនួន ១.០០០នាក់ នៅឯមូលដ្ឋាន Fort Bliss ក្បែរព្រំដែនម៉ិកស៊ិក ចាប់ពីខែនេះតទៅ។
យោងតាមក្រសួងការពារជាតិ បានឲ្យដឹងថា កន្លែងឃុំខ្លួនដែលមានឈ្មោះថា Camp East Montana បន្ទាប់មកនឹងត្រូវបានពង្រីកបន្ថែម ដើម្បីដាក់គ្រែចំនួន ៥.០០០ សម្រាប់ជនអន្តោប្រវេសន៍ នៅក្នុង «ប៉ុន្មានសប្តាហ៍ និងខែខាងមុខ»។

មន្ទីរបញ្ចកោណបានបន្ថែមថា នៅពេលដែលត្រូវបានសងសាង់រួចរាល់ ទីនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលឃុំខ្លួនសហព័ន្ធដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក។ បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកដែលដកស្រង់ពីស្ថាប័នអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) បានឲ្យដឹងថា ក្រសួងការពារជាតិកំពុងផ្តល់មូលនិធិដល់មជ្ឈមណ្ឌលឃុំឃាំង ដែលនឹងមានកន្លែងជ្រកកោនដូចតង់រយៈពេលខ្លី។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យចាប់ខ្លួន និងការនិរទេសយ៉ាងឆាប់រហ័សនូវជនអន្តោប្រវេសន៍ខុសច្បាប់ ដែលជាការផ្តោតដ៏សំខាន់ សម្រាប់អាណត្តិទី ២ របស់លោក ហើយទីភ្នាក់ងារ ICE ប្រដាប់ដោយអាវុធ បាននាំមនុស្សទៅឃុំឃាំង ក្នុងការវាយឆ្មក់នៅតាមរោងចក្រ និងកសិដ្ឋាននានា ជុំវិញប្រទេស។
ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានឃុំខ្លួនដោយ ICE បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
