រដ្ឋមន្ត្រីការបរទេសអូម៉ង់លោក Sayyid Badr bin Hamad bin Hamood Al busaidi និងអនុប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Hussein al-Sheikh កាលពីថ្ងៃពុធ បានពិភាក្សាគ្នាអំពីវិបត្តិមនុស្សធម៌ កាន់តែអាក្រក់ឡើង នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងការសន្ទនាតាមទូរស័ព្ទ ដោយអំពាវនាវឲ្យមានសកម្មភាពរបស់អន្តរជាតិ ដើម្បីបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខលំបាករបស់ជនស៊ីវិល។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអូម៉ង់ មន្ត្រីទាំងពីរ បានពិនិត្យមើលការវិវឌ្ឍនៅក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេសការបន្តប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលពួកគេពណ៌នាថា ជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនស៊ីវិល។
ពួកគេក៏បានថ្កោលទោសការបិទផ្លូវដែលកំពុងបន្ត និងការរឹតត្បិតដែលបណ្តាលឲ្យមានភាពអត់ឃ្លាន និងការបង្អត់អាហារយ៉ាងទូលំទូលាយ នៅក្នុងតំបន់ហ្កាហ្សា។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិរួមគ្នា ដើម្បីបញ្ឈប់ «ការឈ្លានពាន» ដកការឡោមព័ទ្ធ និងធានានូវការផ្តល់ជំនួយមនុស្សធម៌ដែលគ្មានការរារាំងដល់ប្រជាជន នៅក្នុងដែនដីនេះ។
ពួកគេក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបន្តការចរចាយ៉ាងហ្មត់ចត់ ដោយផ្អែកលើសេចក្តីសម្រេចរបស់អន្តរជាតិ និងដំណោះស្រាយរដ្ឋពីរ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ។