រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen នៅថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ បាននិយាយថា លោកស្រីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងឆ្ពោះទៅមុខជាមួយនឹងវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រោះវានឹងជួយបញ្ចប់ជម្លោះ នៅអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី NEXT Newsmaker របស់សារព័ត៌មាន Reuters លោកស្រី Valtonen បានប្រាប់ថា៖ «ខ្ញុំពិតជាសង្ឃឹមថា លោកប្រធានាធិបតី Trump នឹងបន្តឆ្ពោះទៅមុខជាមួយនឹងវិធានការដាក់ទណ្ឌកម្មទាំងនោះ»។

លោកស្រី បានបន្ថែមថា៖ «អ្វីដែលយើងពិតជាបានឃើញ ហើយក៏សង្ស័យនាពេលនេះផងដែរនោះ គឺថា ហេតុផលដែលរុស្ស៊ីបង្ហាញឆន្ទៈចង់ចរចាម្តងទៀត ហេតុដូច្នេះ ការបង្កើនការបញ្ជូនអាវុធ (ទៅអ៊ុយក្រែន) ច្រើនឡើងៗ គឺពិតជាកំពុងដាក់សម្ពាធលើរុស្ស៊ីឲ្យស្វែងរកច្រកចេញពីសង្រ្គាមនេះ»។
គួរបញ្ជាក់ថា ហ្វាំងឡង់ រួមជាមួយប្រទេសនៅតំបន់អ៊ឺរ៉ុបខាងជើង និងបាល់ទិកផ្សេងទៀត ស្ថិតនៅក្នុងចំណោមអ្នកគាំទ្រដ៏រឹងមាំបំផុត ចំពោះអ៊ុយក្រែន។ ការលុកលុយឈ្លានពានឆ្នាំ២០២២ បានជំរុញឲ្យប្រទេសហ្វាំងឡង់ដែលមានព្រំដែនរួម ១.៣៤០គីឡូម៉ែត្រ ជាមួយរុស្ស៊ី បានចូលរួមជាមួយអង្គការណាតូកាលពី ២ឆ្នាំមុន ដោយបានផ្លាស់ប្ដូរគោលនយោបាយមិនចូលបក្សសម្ព័ន្ធរាប់ទសវត្សរ៍របស់ខ្លួន៕
