នៅថ្ងៃសុក្រនេះ រថក្រោះអ៊ីស្រាអែល បានឈរជើងនៅតំបន់ជិតព្រំដែនតំបន់ហ្កាហ្សា ស្របពេលដែលគណៈរដ្ឋមន្រ្តីនយោបាយ-សន្តិសុខអ៊ីស្រាអែល បានអនុម័តផែនការគ្រប់គ្រងទីក្រុងហ្កាហ្សា ជាការបង្កើនប្រតិបត្តិការយោធារបស់ខ្លួន បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងក្លា ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ជុំវិញសង្រ្គាមដ៏ខ្ទេចខ្ទាំអស់រយៈពេលជិត ២ឆ្នាំនេះក៏ដោយ ។
ឆ័ត្រយោងមានជំនួយត្រូវបានគេមើលឃើញទម្លាក់ចូលទៅកាន់តំបន់ហ្កាហ្សានៅថ្ងៃសុក្រនេះ ស្របពេលដែលសំណុំផ្សែងនៅតែបន្តហុយពីលើដែនដីឡោមព័ទ្ធមួយនេះ ។
ខណៈពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលមានបំណងឲ្យយោធាគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ផែនការត្រូវបានអនុម័តនៅថ្ងៃសុក្រនេះ ផ្តោតពិសេសលើការគ្រប់គ្រងទីក្រុងហ្កាហ្សា ដែលជាទីក្រុងធំបំផុតនៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ស្ថិតនៅភាគខាងជើង ។
ប្រភពរដ្ឋាភិបាលអ៊ីស្រាអែលចំនួន ២ បានឲ្យដឹងថា រាល់សេចក្តីសម្រេចណាមួយដោយគណៈរដ្ឋមន្រ្តីសន្តិសុខ ត្រូវការយល់ព្រមពីគណៈរដ្ឋមន្រ្តីទាំងមូល ដែលមិនអាចជួបគ្នាបានរហូតដល់ថ្ងៃអាទិត្យខាងមុខនេះ ៕