បើយោងតាមមន្ត្រីឥណ្ឌា ៣នាក់ដែលដឹងពីបញ្ហានេះ បានបង្ហើបប្រាប់ថា ទីក្រុងញូវដេលី បានផ្អាកផែនការរបស់ខ្លួន ក្នុងការទិញអាវុធ និងយន្តហោះថ្មីពីសហរដ្ឋអាមេរិក ដោយនេះជាការបង្ហាញនូវសញ្ញាច្បាស់លាស់ដំបូង ជុំវិញការមិនសប្បាយចិត្តរបស់ឥណ្ឌា បន្ទាប់ពីអត្រាពន្ធគយលើការនាំចេញរបស់ខ្លួន ដែលដាក់ដោយប្រធានាធិបតី លោក Donald Trump បានរុញឲ្យទំនាក់ទំនងនៃប្រទេសទាំង២ ធ្លាក់ដល់កម្រិតទាបបំផុតជាលើកទី១ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
២នាក់ ក្នុងចំណោមមន្ត្រី ៣រូបនោះ បានប្រាប់ថា ឥណ្ឌាមានគម្រោងបញ្ជូនរដ្ឋមន្ត្រីការពារជាតិ លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីប្រកាសអំពីការទិញមួយចំនួន ប៉ុន្តែផែនការធ្វើដំណើរនោះត្រូវបានលុបចោល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា លោក Trump បានប្រកាសពន្ធបន្ថែម ២៥ភាគរយលើទំនិញឥណ្ឌាដែលជាការដាក់ទណ្ឌកម្ម ដោយសារការទិញប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវដេលី ដែលមេដឹកនាំអាមេរិកបានផ្ដល់ហេតុផលថា ប្រទេសនេះកំពុងផ្តល់មូលនិធិដល់ការលុកលុយឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
អត្រានោះបានបង្កើនពន្ធសរុបលើការនាំចេញរបស់ឥណ្ឌាដល់ ៥០ភាគរយ ដែលជាចំនួនខ្ពស់បំផុត ក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ យ៉ាងណាក្ដី នៅមុននេះ លោកប្រធានាធិបតី តែងតែផ្លាស់ប្តូរកម្រិតពន្ធយ៉ាងឆាប់រហ័សដោយខ្លួនលោកផ្ទាល់ ហើយឥណ្ឌា បានបញ្ជាក់ថា ខ្លួននៅតែចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សាជាមួយក្រុងវ៉ាស៊ីនតោន។
ហើយបុគ្គលម្នាក់ក្នុងចំណោមនោះ បានបង្ហើបថា ការទិញគ្រឿងយុទ្ធោបករណ៍ អាចនឹងបន្តទៅមុខបាន នៅពេលដែលឥណ្ឌាមានភាពច្បាស់លាស់លើបញ្ហាពន្ធគយ និងទិសដៅនៃទំនាក់ទំនងទ្វេភាគី ប៉ុន្តែ «ប្រហែលមិនកើតមានយ៉ាងឆាប់រហ័សដូចការរំពឹងទុកឡើយ»៕