ការ៉ាតេ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានផ្ដល់នូវអនុសាសន៍ ៦ចំណុចដើម្បីពង្រឹងសក្ដានុពលរបស់កីឡាការ៉ាតេកម្ពុជាបន្ថែមទៀត ក្នុងការប្រកួតលើឆាកអន្ដរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខគឺស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការផ្ដល់អនុសាសន៍នេះបានធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរៀបចំការប្រកួត ពិសេសកីឡាករ-កីឡាការិនីដែលខិតខំប្រឹងប្រែងសមត្ថភាព និងច្ចេកទេសរៀងៗខ្លួនរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។ ចំពោះអនុសាសន៍ទាំង ៦ចំណុចដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដោយផ្ដោតសំខាន់ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម រួមមាន៖ ១-បន្ដពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការផ្ទៃក្នុងគ្រួសារការ៉ាតេឲ្យបានកាន់តែជិតស្និទ្ធ និងរឹងមាំ ពិសេសបង្កើតសុខុដុមនីយកម្មគ្រប់សមាជិក និងអ្នកស្រលាញ់កីឡាការ៉ាតេទាំងអស់ដោយគ្មានការរើសអើង។ ២-បន្ដគោរពដល់ឧត្តមការ៉ាតេចារ្យ ក៏ដូចជាគ្រូបង្វឹកការ៉ាតេរៀមច្បងទាំងអស់ ដើម្បីបង្ហាញពីគុណធម៌កីឡាការ៉ាតេកម្ពុជាដល់សង្គមជាតិ។ ៣-ត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងការបង្កើតគុណផលកីឡាការ៉ាតេឲ្យដល់កម្រិតខ្ពស់ ឈានទៅរកជ័យលាភីពីការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយភាពជឿជាក់។
៤-ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEAKF-Championship លើកទី៩ ដែលនឹងប្រព្រឹត្ដទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២២២ ឲ្យបានរលូនល្អប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងភាពជោគជ័យ។ ៥-ពេលវេលាស៊ីហ្គេមឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ដូច្នេះឆ្នាំ២០២២ នេះគឺជាឆ្នាំដ៏សំខាន់ដែលយើងត្រូវធ្វើឲ្យប្រាកដប្រជាគ្រប់មុខងារទទួលខុសត្រូវ ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ដ្រយកប្រៀបឈ្នះ និងជ័យលាភីជូនសហព័ន្ធ និងជូនជាតិមាតុភូមិរបស់យើង។ ៦-សូមថែទាំអគារទីស្នាក់ការរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលត្រូវបានសាងសង់រួចរាល់នេះឲ្យភាពរឹងមាំ សោភណ្ឌភាព និងអនាម័យល្អដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតជើងឯកជាតិឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២២៧នាក់មកពី ២៤សមាគម/ក្លិបដែលប្រកួតលើ ៣៧វិញ្ញាសារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា។ ជាលទ្ធផលបច្ចេកទេសនៃការប្រកួត ក្លិបក្រសួងការពារជាតិដណ្ដើមបានមេដាយច្រើនជាងគេសរុប ២១គ្រឿង (មាស ១១, ប្រាក់ ៦ និងសំរឹទ្ធ ៤), ក្រសួងមហាផ្ទៃឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៦គ្រឿង (មាស ៨, ប្រាក់ ២ និងសំរឹទ្ធ ៦) និងក្លិបការ៉ាតេហនុមានឈរលេខ៣ ឈ្នះមេដាយសរុប ១៩គ្រឿង (មាស ៤, ប្រាក់ ៧ និងសំរឹទ្ធ ៨)៕
អត្ថបទ៖ លី ឈុនឡា