អ្នកវិភាគនយោបាយមួយរូបដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ និយាយនៅថ្ងៃសុក្រនេះថា បើសិនជាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនជួបគ្នាទេនោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដូចដែលបានរាយការណ៍ដោយវិមានក្រឹមឡាំង អ៊ុយក្រែននឹងប្រឈមនឹងស្ថានភាពអាក្រក់ខ្លាំង ។
លោក Klemens Fischer គឺជាសាស្រ្តាចារ្យផ្នែកភូមិសាស្រ្តនយោបាយអន្តរជាតិនៅសាកលវិទ្យាល័យ Cologne និងជាអតីតសមាជិកស្ថានទូតសហភាពអឺរ៉ុបរបស់អូទ្រីសប្រចាំនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាត់ទុកជំនួបរវាងលោក Putin និងលោក Trumpថាជាឱកាសធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងការស្វែងច្រកចេញពីសង្រ្គាមកំពុងឆាបឆេះនៅក្នុងប្រទេសអ៊ុយក្រែន ។
បើសិនជាជំនួបនេះ មិនបន្តទេនោះ លោក Fischer និយាយថា ការវាយប្រហាររបស់រុស្ស៊ីនឹងបន្តធ្វើឡើងពីច្រកអាកាស និងជើងគោក ដែលនេះមានន័យថា ទីក្រុងនឹងរងការទម្លាក់គ្រាប់បែករាល់យប់ ដរាបណារុស្ស៊ីនៅមានយានដ្រូន ហើយមធ្យោបាយវាយប្រហារបែបនេះ ពួកគេពិតជាមាន ។
យោងតាមការលើកឡើងរបស់លោក Fischer បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងមិនស្ថិតក្នុងតុចរចានោះទេនៅពេលនេះ ពិព្រោះថា លោក Trump និងលោក Putin នឹងជួបគ្នាក្នុងកម្រិតតែមួយ យ៉ាងហោចណាស់ក៏ជាកម្រិតដែលពួកគេយល់ឃើញដោយខ្លួនពួកគេដែរ ។
លោក Fischer និយាយទៀតថា សម្រាប់លោក Zelenskiy លោកត្រូវតែបួងសួងដល់ព្រះហើយថា លោក Trumpនឹងក្លាយជាអន្តរការីស្មោះត្រង់ម្នាក់សម្រាប់បុព្វហេតុអ៊ុយក្រែន ដែលមានន័យថា លោកនឹងទទួលយកអ្វីដែលលោកអាចទទួលយកបានសម្រាប់អ៊ុយក្រែន ហើយបន្ទាប់មកនឹងលក់វាឲ្យលោក Zelenskiy ។
ជំនួយការវិមានក្រឹមឡាំងលោក Yuri Ushakov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និងសហរដ្ឋអាមេរិក យល់ព្រមឲ្យមានជំនួបកំពូលរវាងលោក Putin និងលោក Trumpនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕