អធិការបតី លោក Friedrich Merz បាននិយាយនៅថ្ងៃសុក្រ (ទី៨ ខែសីហា) នេះថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងមិនយល់ព្រមឲ្យនាំចេញគ្រឿងយុទ្ធោបករណ៍ណាមួយ ដែលអាចត្រូវបានប្រើប្រាស់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបឡើយ រហូតទាល់តែមានការជូនដំណឹងបន្ថែម ដោយនេះជាឆ្លើយតបទៅនឹងផែនការពង្រីកប្រតិបត្តិការយោធា នៅទីនោះ។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយរបស់អ៊ីស្រាអែល បានអនុម័តផែនការមួយ នាព្រឹកថ្ងៃសុក្រនេះ ដើម្បីគ្រប់គ្រងទីក្រុងហ្កាហ្សា ដែលជាវិធានការពង្រីកប្រតិបត្តិការយោធា បើទោះបីជាមានការរិះគន់កាន់តែខ្លាំងឡើងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស ចំពោះសង្រ្គាមដ៏បំផ្លិចបំផ្លាញរយៈពេលជិត ២ឆ្នាំនេះ។
លោក Merz បានលើកឡើងថា វាជាសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការមានប្រតិបត្តការដកអាវុធរបស់ក្រុមហាម៉ាស និងដើម្បីស្វែងរកឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។ លោក Merz បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់ជឿថា សកម្មភាពយោធាកាន់តែតឹងរ៉ឹង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលយល់ស្របដោយគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីយប់មិញ ធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងៗ ក្នុងការមើលឃើញ អំពីថា តើគោលដៅទាំងនេះអាចសម្រេចបានដោយរបៀបណា»។
លោកអធិការបតីរូបនេះ បានបញ្ជាក់បន្ថែមថា៖ «ក្នុងកាលៈទេសៈទាំងនេះ រដ្ឋាភិបាលអាល្លឺម៉ង់ នឹងមិនយល់ព្រមដល់ការនាំចេញគ្រឿងយុទ្ធោបករណ៍ណាមួយ ដែលអាចត្រូវបានប្រើប្រាស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបបានឡើយ រហូតដល់មានការជូនដំណឹងបន្ថែម»៕