អាជ្ញាធរអ៊ីរ៉ាក់ នៅថ្ងៃសុក្រ (ទី៨ ខែសីហា) បានបដិសេធថា ប្រទេសរបស់ខ្លួនមិនបានមានចំណែករួមណាមួយ នៅក្នុងកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ ដើម្បីគេចចេញពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការនាំចេញប្រេង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន បានភ្ជាប់ពាណិជ្ជករក្នុងស្រុកទៅនឹងការអនុវត្តនេះ។
កាលដើមខែកក្កដា ក្រសួងការបរទេសអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៦ និងកំណត់អត្តសញ្ញាណនាវាចំនួន ៤គ្រឿង ដោយផ្ដល់ហេតុផលថា «បានចូលរួមដោយចេតនា ក្នុងដំណើរការទិញ ទទួលទុក លក់ ដឹកជញ្ជូន ឬធ្វើទីផ្សារ» សម្រាប់ផលិតផលប្រេងអ៊ីរ៉ង់។
ក្នុងចំណោមអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មនោះ មានបណ្តាញក្រុមហ៊ុនដែលដំណើរការដោយពាណិជ្ជករអ៊ីរ៉ាក់ឈ្មោះ Salim Ahmed Said ដែលត្រូវបានចោទប្រកាន់ថា បានចំណេញពីការរត់ពន្ធប្រេងអ៊ីរ៉ង់ តាមរយៈការការក្លែងបន្លំជា ឬលាយជាមួយប្រេងអ៊ីរ៉ាក់។
តែយ៉ាងណាក្ដី នៅថ្ងៃសុក្រនេះ នាយកក្រុមហ៊ុនទីផ្សារប្រេងរដ្ឋរបស់អ៊ីរ៉ាក់ SOMO បានបដិសេធថា មិនមានការរួមចំណែករបស់អ៊ីរ៉ាក់ ក្នុងការជួយឲ្យគេចចេញពីទណ្ឌកម្មឡើយ។ លោក Ali Nizar បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ INA ថា «មិនមានការរត់ពន្ធ ឬលាយ (ប្រេង) នៅកំពង់ផែ ឬក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ាក់ឡើយ»។
លោកបានបន្ថែមថា៖ «វាមិនមែនជាការពិតទាល់តែសោះ ដែលនិយាយថា មានទីតាំងដែលអនុញ្ញាតឲ្យរត់ពន្ធប្រេងអ៊ីរ៉ាក់ និងការលាយប្រេងពីប្រទេសជិតខាង»៕