ភ្នំពេញ៖ សម្ដេចតេជោអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅយប់ថ្ងៃទី៨ សីហានេះមានការអស់សំណើចណាស់ ក្រោយឭថា សាកលវិទ្យាល័យថៃមួយបានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្ដេច ខណៈសម្ដេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ។
សម្ដេចតេជោ បានសរសេរថា គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ!
សម្ដេចតេជោបានបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។
សម្ដេចតេជោ បានថ្លែងថា មិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា៕
