ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានអំពាវនាវឲ្យមានការផ្តល់មូលនិធិបន្ទាន់ ដើម្បីបង្កើនការសង្រ្គោះអាយុជីវិតមនុស្ស អនាម័យ ទឹក ទីជម្រក និងអាហារូបត្ថម្ភ ជាការចៀសវាងគ្រោះថ្នាក់ដល់សុខភាព ។
ការរីករាលដាលឆ្លងជំងឺអាសន្នរោគស្លាប់មនុស្ស បានវាយប្រហារជំរំជនភៀសខ្លួននៅភាគខាងកើតប្រទេសឆាដ ជាទីមានការមកដល់របស់ពលរដ្ឋស៊ូដង់ពីតំបន់ Darfur ធ្វើឲ្យមានការប្រកាសអាសន្នពីអនាម័យធ្ងន់ធ្ងរ និងស្ថានភាពសុខភាព ស្របពេលដែលជំនួយមនុស្សធម៌លែងមាន ។
គិតត្រឹមដើមខែសីហា ករណីឆ្លងជំងឺអាសន្នរោគ ២៦៤នាក់ និងករណីស្លាប់មនុស្ស ១២នាក់ ត្រូវបានរាយការណ៍នៅជំរំជនភៀសខ្លួន Dougui និងភូមិជុំវិញនោះ ។ ករណីសង្ស័យ ត្រូវបានរកឃើញផងដែរនៅជំរំ Treguine ដែលមានជនភៀសខ្លួនស៊ូដង់រស់នៅផងដែរ ។
តំបន់ព្រំដែនដែលទទួលជនភៀសខ្លួនស៊ូដង់មកដល់ថ្មីចំនួន ១ភាគ ៣ ប្រឈមហានិភ័យធ្ងន់ធ្ងរផងដែរនៃការចម្លងជំងឺអាសន្នរោគ ពេលដែលមនុស្សបន្តមកដល់ពីតំបន់ Darfur ។ នៅជំរំ Adre ដែលជាតំបន់គ្មានជំនួយធំជាងគេបំផុតមានមនុស្សរស់នៅ ២៣៥.០០០នាក់ ករណីសង្ស័យ ៣នាក់ បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត ធ្វើឲ្យមានក្តីបារម្ភពីការរីករាលដាលទ្រង់ទ្រាយធំ ។
នៅទូទាំងតំបន់ព្រំដែននៅ Darfur ស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំង ក្នុងនោះករណីឆ្លងជាង ៤.៣០០នាក់ និងករណីស្លាប់ ១១៣នាក់ ត្រូវបានរាយការណ៍ ៕