អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ ទី៨ សីហា បានរិះគន់ផែនការរបស់អ៊ីស្រាអែលក្នុងការគ្រប់គ្រងទីក្រុងហ្កាហ្សា ដោយអ្នកនាំពាក្យរបស់លោកបានចាត់ទុកថាជា «ការរីកធំជម្លោះដ៏គ្រោះថ្នាក់» ដែលនឹងនាំឱ្យមានការជម្លៀសពលរដ្ឋប៉ាឡេស្ទីនដោយបង្ខំ។ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការនេះជាផ្នែកមួយនៃការវាយលុកដោយយោធាកាន់តែរាលដាលនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយលុករយៈពេលជិតពីរឆ្នាំរបស់អ៊ីស្រាអែល។ ចំណាត់ការនេះ បានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីមេដឹកនាំពិភពលោក និងប្រទេសមហាអំណាចក្នុងតំបន់។

នៅពេលត្រូវបានសួរដោយប្រព័ន្ធផ្សព្វផ្សាយ Fox News ថាតើអ៊ីស្រាអែលមានបំណងកាន់កាប់ដែនដីឆ្នេរទាំងមូលឬយ៉ាងណា នោះនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានឆ្លើយតបថា «យើងពិតជាមានបំណងដូច្នេះ»។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការសម្រេចនេះបង្ហាញពីការកើនឡើងដ៏គ្រោះថ្នាក់ និងហានិភ័យដែលធ្វើឱ្យកាន់តែធ្លាក់ជ្រៅនូវផលវិបាកដ៏មហន្តរាយសម្រាប់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបន្ថែមទៀត រួមទាំងចំណាប់ខ្មាំងដែលនៅសល់»។ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ផែនការនេះនឹងបណ្តាលឱ្យមានការជម្លៀសប្រជាជនដោយបង្ខំ ការសម្លាប់ និងការបំផ្លិចបំផ្លាញកាន់តែធំ ដែលធ្វើអោយពលរដ្ឋប៉ាឡេស្ទីនរងទុក្ខលំបាកមិនអាចនឹកស្មានដល់នៅក្នុងតំបន់ហ្កាហ្សា ដោយបានលើកឡើងថា ការជម្លៀសដោយបង្ខំគឺខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានចោទអ៊ីស្រាអែលពីបទរៀបចំផែនការ «ប្រល័យពូជសាសន៍» តាមរយៈចំណាត់ការរបស់ខ្លួននៅតំបន់ហ្កាហ្សា។ ប្រទេសអារ៉ាប់រួម និងកាតា ក៏បានថ្កោលទោសចំពោះចំណាត់ការរបស់អ៊ីស្រាអែលក្នុងការចូលកាន់កាប់ដែនដីនេះផងដែរ។
