យោធាអ៊ីស្រាអែលនឹង «គ្រប់គ្រង» ទីក្រុងហ្កាហ្សា ក្រោមផែនការថ្មីដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដោយបានបង្កឲ្យមានរលកនៃការរិះគន់ ពីខាងក្នុង និងខាងក្រៅប្រទេស។ រយៈពេលជិតពីរឆ្នាំក្នុងសង្រ្គាមនៅតំបន់ហហ្កាហ្សា លោក Netanyahu ប្រឈមនឹងសម្ពាធកាន់តែខ្លាំង ដើម្បីទទួលបានបទឈប់បាញ់ និងនាំយកមនុស្សជាងពីរលាននាក់ក្នុងដែនដីនេះឱ្យត្រឡប់មកវិញពីមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស និងរំដោះចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ សត្រូវរបស់អ៊ីស្រាអែល គឺក្រុមហាម៉ាស បានរិះគន់ផែនការពង្រីកការប្រយុទ្ធថាជា «ឧក្រិដ្ឋកម្មសង្គ្រាមថ្មី» ខណៈសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលដ៏រឹងមាំ គឺប្រទេសអាល្លឺម៉ង់ បានចាត់វិធានការបញ្ឈប់ការនាំចេញផ្នែកយោធាដោយបារម្ភថាវាអាចត្រូវបានប្រើប្រាស់នៅក្នុងតំបន់ហ្កាហ្សា។

ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃសុក្រថា នៅក្រោមផែនការដែលត្រូវបានអនុម័តថ្មីត្រូវ «កម្ចាត់» ក្រុមហាម៉ាស ដែលកងទ័ពអ៊ីស្រាអែល «នឹងរៀបចំគ្រប់គ្រងទីក្រុងហ្កាហ្សា ខណៈកំពុងចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលនៅខាងក្រៅតំបន់ប្រយុទ្ធ»។ មុនការសម្រេចចិត្ត លោក Netanyahu បាននិយាយថា អ៊ីស្រាអែលមានផែនការដណ្តើមយកការគ្រប់គ្រងទាំងស្រុងតំបន់ហ្កាហ្សា ប៉ុន្តែគ្មានបំណងគ្រប់គ្រងតំបន់នេះទេ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់បណ្តាញព័ត៌មានអាមេរិក Fox News ថា «យើងមិនចង់គ្រប់គ្រងវាទេ» ហើយអ៊ីស្រាអែលចង់បាន «បរិវេណសន្តិសុខ» និងប្រគល់ដែនដីប៉ាឡេស្ទីននេះទៅឱ្យ «កងកម្លាំងអារ៉ាប់ ដែលនឹងគ្រប់គ្រងវាឱ្យបានសមស្របដោយពុំមានគំរាមកំហែងដល់យើង»។
ផែនការថ្មីនេះបានបង្កឱ្យមានការរិះគន់យ៉ាងឆាប់រហ័សពីជុំវិញពិភពលោក ដោយប្រទេសចិន ទួរគី ចក្រភពអង់គ្លេស និងប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍នៃការព្រួយបារម្ភ។ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា ផែនការនេះត្រូវតែ «បញ្ឈប់ជាបន្ទាន់»។
