ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទទួលសមភាគីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅសេតវិមានសម្រាប់ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរវាងគូជម្លោះយូរអង្វែងទាំងពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយនៅក្នុងពិធីមួយកាលពីថ្ងៃសុក្រថា លោកជឿថាមេដឹកនាំទាំងពីរនេះនឹងមាន «ទំនាក់ទំនងដ៏អស្ចារ្យ» និងបាននិយាយថា កិច្ចព្រមព្រៀងនឹងនាំមកនូវសន្តិភាពនិងឱកាសសេដ្ឋកិច្ចថ្មីដល់តំបន់។

លោក Trump បាននិយាយថា «ខ្ញុំមានបំណងសាទរអ្នកដ៏អស្ចារ្យទាំងពីរ នាយករដ្ឋមន្ត្រីលោកPashinyan និងប្រធានាធិបតី លោក Aliyev ដែលបានមកទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសរួមដ៏មានសារៈសំខាន់នេះ»។
«ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នាជារៀងរហូត បើកទូលាយពាណិជ្ជកម្ម ការធ្វើដំណើរ និងទំនាក់ទំនងផ្នែកការទូត និងគោរពដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក»។
លោក Aliyev បានគាំទ្រសេចក្តីថ្លែងការណ៍របស់លោក Trump ដោយនិយាយថាកិច្ចព្រមព្រៀងនេះបានបង្ហាញពីការចាប់ផ្តើម «សន្តិភាពយូរអង្វែង សន្តិភាពគ្មានទីបំផុត» ។
សង្រ្គាមត្រូវបានវាយប្រយុទ្ធគ្នាយ៉ាងរាលដាលលើទឹកដីដែលមានជម្លោះនៃតំបន់ Nagorno-Karabakh ស្ថិតនៅព្រំដែនរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែកាលពីពេលមុនត្រូវបានកាន់កាប់ដោយជនជាតិភាគតិចអាមេនី។
