អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសកាលពីថ្ងៃសុក្រថា អាល្លឺម៉ង់នឹងផ្អាកការនាំចេញសម្ភារៈយោធាទាំងអស់ ដែលអាចប្រើប្រាស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ការសម្រេចចិត្តនេះ បានធ្វើឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តប្រតិបត្តិការយោធាដែលមានគោលបំណងគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប។ លោក Merz បានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែល «បដិសេធមិនចាត់វិធានការបន្ថែមទៀត ដើម្បីដាក់តំបន់វេសបែង ( West Bank)ជាឧបសម្ព័ន្ធរបស់ ខ្លួន ។

លោក Merz ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់ថា ជាមួយនឹងការវាយលុកដែលកំពុងបន្ត អ៊ីស្រាអែលមានការទទួលខុសត្រូវខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីបំពេញតម្រូវការរបស់ជនស៊ីវិល នៅក្នុងតំបន់នេះ។ លោកបានអំពាវនាវឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យចូលដំណើរការពេញលេញសម្រាប់ការផ្តល់ជំនួយ រួមទាំងការផ្គត់ផ្គង់ពីអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត។
អ៊ីស្រាអែល ត្រូវតែបន្តធ្វើឲ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា ក្នុងលក្ខណៈទូលំទូលាយ និងនិរន្តរភាព»។
