រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យរដ្ឋមូស្លីម ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ និងធានាការផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ ទៅដល់តំបន់ហ្កាហ្សាស្ទ្រីប។
ពួកគេបានធ្វើការបន្ទាន់ នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបរបស់ប៉ាឡេស្ទីន និងផែនការឈ្លានពានរបស់អ៊ីស្រាអែល ក្នុងការបង្កើនការវាយលុករបស់ខ្លួន និងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងស្រុង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។

រយៈពេលជិតពីរឆ្នាំនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល តំបន់ហ្កាហ្សា កំពុងរងនូវទម្ងន់នៃការអត់ឃ្លាន និងការឡោមព័ទ្ធ។ យ៉ាងហោចណាស់មនុស្ស ៦១.២៥៨នាក់ ត្រូវបានសម្លាប់ និង ១៥២.០៤៥ នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា។ ប៉ុន្តែកិច្ចចរចាបទឈប់បាញ់ បានជាប់គាំង ដោយអ៊ីស្រាអែលបានអនុម័តផែនការគ្រប់គ្រងទីក្រុងហ្កាហ្សា។
