កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសុក្រថា កញ្ចប់ជំនួយជាង ១.000កញ្ចប់ ត្រូវបានទម្លាក់ពីលើអាកាសចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីការបន្តនូវប្រតិបត្តិការទម្លាក់ជំនួយ អន្តរជាតិ តាមអាកាស កាលពីចុងខែកក្កដា ដោយមានការចូលរួមពីប្រទេសចំនួន ៩។
កាលពីថ្ងៃសុក្រ ប្រទេសចំនួន ៦ ក្នុងនោះមានប្រទេសហូឡង់ដែរ ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះជាលើកដំបូង បានផ្តល់កញ្ចប់អាហារចំនួន ៧២កញ្ចប់។ ប្រទេសដែលចូលរួមផ្សេងទៀតរួមមាន អារ៉ាប់រួម ហ្ស៊កដានី អាល្លឺម៉ង់ បែលហ្ស៊ិក និងបារាំង។

ការទម្លាក់ជំនួយតាមអាកាសនេះ បានបន្តនៅថ្ងៃទី ២៦ ខែកក្កដា បន្ទាប់ពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើង នៅតំបន់ហ្កាហ្សា បានបង្កឲ្យមានកំហឹងជាសកល ចំពេលដែលអ៊ីស្រាអែល បន្តការបិទផ្លូវ។
ប៉ុន្តែមន្ត្រី និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និយាយថា ការទម្លាក់ជំនួយតាមអាកាសនេះ នឹងមានផលប៉ះពាល់តិចតួច លុះត្រាតែអ៊ីស្រាអែលបើកច្រកឆ្លងកាត់ ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែម និងអនុញ្ញាតឲ្យមានការព្យាបាលផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកខ្វះអាហារូបត្ថម្ភ។
