លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី ១៥ ខែសីហាក្នុងរដ្ឋ Alaska ដើម្បីចរចាបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។
លោក Trump បានធ្វើសេចក្តីប្រកាសដែលរំពឹងទុកយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីលោកបាននិយាយថា ភាគីនានារួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជិតដល់កិច្ចព្រមព្រៀងឈប់បាញ់ ដែលអាចដោះស្រាយជម្លោះរយៈពេល ៣ឆ្នាំកន្លះ ដែលអាចតម្រូវឲ្យអ៊ុយក្រែនប្រគល់ទឹកដីដ៏ធំនោះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីដើមថ្ងៃសុក្រ លោក Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយនឹងពាក់ព័ន្ធនឹងការដោះដូរដីមួយចំនួន។
ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា៖«នឹងមានដោះដូរទឹកដីខ្លះ ដើម្បីធ្វើឲ្យប្រសើរឡើងនៃប្រទេសទាំងពីរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៊ុយក្រែន មិនអាចបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនលើបញ្ហាទឹកដីបានទេ ដោយបន្ថែមថា៖«ប្រជាជនអ៊ុយក្រែននឹងមិនប្រគល់ដីរបស់ពួកគេ ទៅឲ្យអ្នកកាន់កាប់នោះទេ» ។