អឺរ៉ុប៖ សហភាពអឺរ៉ុបបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលចាក់ត្រឹមតែមួយដូសរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson កាលពីថ្ងៃព្រហស្បតិ៍ ដោយត្រួសត្រាយផ្លូវសម្រាប់ការចាក់ដូសដំបូង ដែលត្រូវបានផ្តល់ជូនក្នុងរយៈពេលមួយខែ ខណៈដែលប្លុកនេះព្យាយាមពន្លឿនយុទ្ធនាការដែលកំពុងយឺតយ៉ាវ និងបង្កើនការផ្គត់ផ្គង់របស់ខ្លួន។
ទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុប (EMA) បាននិយាយថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺជាលើកទី៤ ដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់នៅសហភាពអឺរ៉ុប បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford, របស់ចក្រភពអង់គ្លេសក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក ហើយត្រូវបានណែនាំឲ្យប្រើប្រាស់ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ វាជាវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកដំបូងដែលចាក់ត្រឹមតែមួយដង ឬមួយដូស។
សហរដ្ឋអាមេរិក កាណាដា និងបារ៉ែនក៏បានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson នេះដែរ។ ចំណែកអាហ្វ្រិកខាងត្បូង កំពុងធ្វើការពិនិត្យឡើងវិញភ្លាមៗ។វ៉ាក់សាំងបង្ការដែលមានឈ្មោះថា វ៉ាក់សាំង COVID ជេនសិន (COVID Vaccine Janssen) ដោយយកឈ្មោះតាមអង្គភាព Johnson & Johnson ដែលបានផលិតវ៉ាក់សាំងនេះ នឹងជួយបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដល់សហភាពអឺរ៉ុប បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបានជាប់គាំង ដោយសារតែការពន្យារពេលចែកចាយពីក្រុមហ៊ុន Pfizer និង AstraZeneca៕
អត្ថបទ៖ សុខមាន