ភ្នំពេញ៖ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ឬដូសទី៣ និងដូសមូលដ្ឋានជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។
បើតាមលោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃនេះមនី្ទរពេទ្យ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ តាមរយៈការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។
ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានដំណើរការទៅយ៉ាងល្អប្រសើរ ដោយមានការសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ព្រមទាំងមានការចូលរួមពីសំណាក់របស់ប្រជាពលរដ្ឋ ស្វែងយល់បន្ថែមពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីជៀសផុតពីមេរោគរាតត្បាតដ៏កាចសាហាវនេះ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានបង្ហាញកី្តរំភើបសប្បាយរីករាយ ដែលពួកគាត់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងការបញ្ជាទិញវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃថវិកា។
ជាមួយគ្នានោះដែរ ក្នុងនាមលោកវេជ្ជបណ្ឌិត តំណាងឲ្យលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលសេវានៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ដោយយើងមានរៀបចំចាត់ចែងកម្លាំងក្រុមការងារគ្រូពេទ្យចំនួន០៨ក្រុម ដើម្បីផ្តល់ការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ។
ក្រៅពីនោះ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក៏ដំណើរការជាធម្មតា ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដូចជាផ្នែកសង្រ្គោះបន្ទាន់ សេវាសម្រាលកូន សេវារោគស្រី្ត សេវាវៈកាត់ សេវាពិនិត្យ ព្យាបាលជំងឺទូទៅ ត្រចៀក ច្រមុះ បំពង់ក សើស្បែក ជំងឺកុមារ ភ្នែក ជំងឺផ្លូវចិត្ត និងសេវាអមវេជ្ជសាស្រ្តផ្សេងៗទៀត (ពិនិត្យឈាម អ៊ិចសារ៉េ វិទ្យុសាស្រ្ត និងអេកូសាស្រ្ត)ផងដែរ៕ អត្ថបទ រដ្ឋា




