យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនបានរកឃើញថា កូរ៉េខាងជើងបានដកឧបករណ៍បំពងសំឡេងមួយចំនួន ចេញពីព្រំដែនអន្តរកូរ៉េ ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង បានរុះរើឧបករណ៍បំពងសំឡេងរបស់ខ្លួន ដែលប្រើសម្រាប់ការផ្សាយការឃោសនាប្រឆាំងនឹងកូរ៉េខាងជើង ក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយភាពតានតឹង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង មិនបានបង្ហាញពីទីតាំងដែលប្រជាជនកូរ៉េខាងជើង កំពុងដកឧបករណ៍បំពងសំឡេងចេញនោះទេ ហើយបាននិយាយថា ភ្លាមៗនោះ ពុំច្បាស់ថាតើកូរ៉េខាងជើង នឹងដកវាចេញទាំងអស់ ឬយ៉ាងណានោះទេ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកស្រុកនៅព្រំដែនកូរ៉េខាងត្បូង បានត្អូញត្អែរថា ឧបករណ៍បំពងសំឡេងរបស់កូរ៉េខាងជើង បានបន្លឺសំឡេងរំខាន រួមទាំងការស្រែកយំរបស់សត្វ និងការវាយជួង នៅក្នុងការឆ្លើយតបសងសឹកចំពោះការផ្សាយការឃោសនារបស់កូរ៉េខាងត្បូង។
