កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមមេដឹកនាំធំៗរបស់អឺរ៉ុប បាននិយាយថា “មាគ៌ាឆ្ពោះទៅរកសន្តិភាព”នៅអ៊ុយក្រែន មិនអាចសម្រេចចិត្តដោយគ្មានទីក្រុងគីវបានឡើយ ហើយកិច្ចចរចាអាចកើតឡើងទៅបាន នៅក្នុងបរិបទបទឈប់បាញ់ ឬកាត់បន្ថយអរិភាព ។

ក្រុមមេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានចេញនូវសេចក្តីថ្លែងការណ៍រួមនិយាយថា ពួកគេមានការជឿជាក់ថា មានតែវិធីសាស្រ្តមួយគត់ គឺត្រូវរួមបញ្ចូលវិស័យការទូតសកម្ម ។
សេចក្តីថ្លែងការណ៍នេះ និយាយថា ខ្សែទំនាក់ទំនងបច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើមនៃកិច្ចចរចា ។
សេចក្តីថ្លែងការណ៍នេះដែរ បានធ្វើឡើង រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងជួបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោក Trumpមានគម្រោងជួបលោក Putin នៅរដ្ឋ Alaska នាថ្ងៃទី ១៥ ខែសីហាខាងមុខនេះ ដោយលោកបាននិយាយថា ភាគីពាក់ព័ន្ធ រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជិតឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចដោះស្រាយជម្លោះរយៈពេល ៣ឆ្នាំនេះ ៕
