ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៧មករា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុង ជំនួបព្រឹកនេះ សម្តេចតេជោ បានលើកនូវចំណុចមួយចំនួនដោយបានស្វាគមន៍វត្តមានអញ្ជើញមកចូលរួមរបស់ឯកឧត្តម អគ្គលេខាធិការអគ្គលេខាធិការរងអាស៊ាន ដែលមកចូលរួមវេទិកាទេសចរណ៍អាស៊ានផងនឹងមានជំនួបជាមួយសហគមន៍ផ្សេងទៀត នៃសសរស្ដម្ភទាំង៣ របស់អាស៊ានគឺនយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាននៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ បានបញ្ជាក់អំពីការងារសំខាន់ៗដូចជាការងារប្រឈមមួយចំនួនដែលអាស៊ានកំពុងតែមាននៅពេលនេះ ហើយសម្ដេច មានប្រសាសន៍ថា ការប្រឈមមួយចំនួនគឺមិនធម្មតាទេដូច្នេះគឺត្រូវការការខិតខំដើម្បីជំរុញការងារនេះ ជាពិសេសការតភ្ជាប់អាស៊ានដោយសារការតភ្ជាប់បានរំខានដោយកូវីដ-១៩នៅឆ្នាំ ២០២១ និង២០២២ដូចដែលយើងបានឃើញ ជាក់ស្ដែងហើយអំពីវិធានការដែលសមាជិកអាស៊ាននីមួយៗ មានចំណាត់ការពាក់ព័ន្ធនឹងការឆ្លើយតបទៅ នឹងការរាតត្បាតជំងឺកូវីដ-១៩នេះ។
សម្ដេចថា យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំការអនុវត្តរបាំងការធ្វើដំណើរទេសចរណ៍អាស៊ាននេះ ដើម្បីឱ្យក្របខណ្ឌអាស៊ានអាចជំរុញជាពិសេសប្រជាពលរដ្ឋអាចធ្វើដំណើរទៅវិញទៅមកនៅក្នុងតំបន់អាស៊ានក៏ដូចជាធុរកិច្ចពាណិជ្ជកម្មនៅក្នុងអាស៊ានផងដែរ ហើយសម្ដេចមានប្រសាសន៍ថា នៅដើមឆ្នាំខែមករានេះ សំខាន់ណាស់គឺកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់នេះត្រូវបានចូលជាធរមានដូច្នេះធ្វើយ៉ាងម៉េចត្រូវខិតខំជាមួយការងារនេះ។
សម្ដេច បានមានប្រសាសន៍ផងដែរអំពីកូវីដ-១៩ នៅប្រទេសកម្ពុជាដែលមានការធូរស្រាលបើទោះបីមានការនាំចូលអូមីក្រុងក៏ពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនឹងខិតខំតទៅទៀត។
សម្តេច បានគូសបញ្ជាក់អំពីចំណុចក្តៅដែលពាក់ព័ន្ធស្ថានភាពនៅមីយ៉ាន់ម៉ាដោយបានមានប្រសាសន៍អំពីលទ្ធផលនៃទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ាដែលមានគោលបំណងគឺជួយប្រទេសមីយ៉ាន់ម៉ាជាពិសេសគោលបំណងបីសំខាន់ៗ គឺធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់បញ្ឈប់ហិង្សា និងផ្ដល់ជំនួយមនុស្សធម៌ឱ្យដល់មានណាដែលត្រូវការជាចាំបាច់និងបើកច្រកទ្វារនៃការធ្វើការសម្រាប់ប្រេសិតពិសេសរបស់ប្រធានអាស៊ានដែលនេះជាគោលបំណងសុទ្ធរបស់កម្ពុជា។
សម្ដេច ក៏បានគួរបញ្ជាក់ផងដែរអំពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការជំរុញតទៅមុខទៀតជាពិសេសជំរុញយន្តការក្នុងការជួយដល់មីយ៉ាន់ម៉ា ទី១.គឺអាស៊ានត្រយការ.ទី២យន្តការធ្វើយ៉ាងណាដើម្បីផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាក្នុងស្ថានភាពដ៏លំបាកនេះ។
យន្តការអាស៊ានត្រយកានេះ ចាំបាច់ត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្នប្រធានអាស៊ានកាលពីឆ្នាំមុននិងប្រធានអាស៊ានដែលនឹងចូលមកកាន់តំណែងនៅឆ្នាំបន្ទាប់ពីកម្ពុជាបូកនិងអគ្គលេខាធិការអាស៊ានដើម្បីធ្វើការជាមួយគ្នាសំដៅធ្វើយ៉ាងណាជំរុញតាមដានបទឈប់បាញ់នៅមីយ៉ាន់ម៉ា នៅពេលខាងមុខជាបន្តទៀតជាពិសេសវាយតម្លៃអំពីវឌ្ឍនភាពនៃការវិវត្តតាមកុងសុងស៊ីសទាំង៥ចំណុចដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាតាំងពីខែ មេសាឆ្នាំ ២០២១។
ឆ្លៀតឱកាសនេះ សម្ដេចក៏បានលើកឡើងអំពីសមុទ្រចិនខាងត្បូងដោយសារឆ្នាំនេះជាខួបលើកទី ២០ នៃDOCទោះបីជាមាន កូវីដ-១៩ក៏ដោយ គឺមិនត្រូវភ្លេចអំពីការងារនេះឡើយ ត្រូវបង្កើនល្បឿននៃការចរចាដោយសារការងារនេះជាការងារចាំបាច់សម្រាប់តំបន់ហើយឆ្នាំនេះសម្ដេចតេជោក៏បានអរគុណអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានឯកភាពគ្នាក្នុងការរៀបចំឲ្យមានការប្រារព្ធខួបលើកទី ២០នៃ DOC។
សម្ដេចបានស្នើសុំឲ្យអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចា បញ្ហាសមុទ្រចិនខាងត្បូងបានដំណើរការទៅមុខ។សម្តេចក៏មានប្រសាសន៍ពាក់ព័ន្ធទៅនឹងឥណ្ឌូប៉ាស៊ីហ្វិកដោយសារនៅក្នុងតំបន់យើងមានគំនិតផ្ដួចផ្ដើមច្រើន និងចូលរួមដូចជាអាមេរិក អឺរ៉ុប ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េចិនជាដើម ដូច្នេះចំណុចសំខាន់សម្ដេចបានស្នើធ្វើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ានជួយជំរុញការរៀបចំផែនការសកម្មភាពនៃការអនុវត្តនូវអ្វីដែលជាទស្សនទានរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ហើយកន្លងមកយើងមានគំនិតផ្តួចផ្តើមច្រើនប៉ុន្តែ។
សម្ដេច បានជំរាបអគ្គលេខាធិការអាស៊ានថា យើងធ្វើយ៉ាងណាឱ្យគំនិតផ្ដើមពីបណ្ដាប្រទេសគាំទ្រនូវសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ដោយមិនប្រើប្រាស់ឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនឹងប្រទេសណាមួយឡើយនិងទី៣ ធ្វើយ៉ាងណាឲ្យសកម្មភាពទាំងឡាយនៃឥណ្ឌូប៉ាស៊ីហ្វិកគាំទ្រដល់មជ្ឈភាពអាស៊ានក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក៕


