ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី ១៥ ខែសីហាខាងមុខនេះ នៅរដ្ឋ Alaska ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺជាជំនួបមួយដែលអ្នកវិភាគរុស្ស៊ីលោក Sergey Radchenko និយាយថា វាអាចជាហានិភ័យខ្ពស់សម្រាប់លោក Trumpក្នុងនាមជាអ្នកបង្កើតសន្តិភាព ជាងសម្រាប់មេដឹកនាំរុស្ស៊ី ។
លោក Radchenko គឺជាសាស្រ្តាចារ្យននៅសាលាសិក្សាអន្តរជាតិកម្រិតខ្ពស់ Johns Hopkins និយាយថា វានឹងអន់សម្រាប់លោក Trump បើសិនជាលទ្ធផលពុំទទួលបានទេនោះ ។ លោកនឹងផ្តល់ការទទួលស្គាល់ទាំងអស់ដល់លោក Putin ហើយក្រោយមកពុំទទួលបានអ្វីសោះពីវាមកវិញ ។

លោក Trump បានធ្វើសេចក្តីប្រកាសនៅលើបណ្តាញព័ត៌មានសង្គម ក្រោយលោកនិយាយថា ភាគីពាក់ព័ន្ធ រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចដោះស្រាយជម្លោះរយៈពេល ៣ឆ្នាំកន្លះនេះ គឺជាកិច្ចព្រមព្រៀងមួយដែលអាចតម្រូវឲ្យអ៊ុយក្រែនលះបង់ទឹកដីខ្លះរបស់ខ្លួន ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីព្រឹកថ្ងៃសុក្រ លោក Trump លើកឡើងពីកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងការដោះដូរទឹកដី ។
ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ និយាយថា នឹងមានការដោះដូរទឹកដីខ្លះ ដើម្បីភាពល្អប្រសើរសម្រាប់ប្រទេសទាំង ២ ។
លោក Radchenko និយាយថា ជាការពិតណាស់ថា មនុស្សដែលត្រូវសួរច្រើនបំផុតគឺលោកប្រធានាធិបតី Zelensky ដែលបានព្រមានរួចទៅហើយនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោក ។
លោក Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនមិនអាចបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនបានឡើយលើបញ្ហាទឹកដី ហើយប្រជាពលរដ្ឋអ៊ុយក្រែន ក៏មិនអាចកាត់ទឹកដីឲ្យក្រុមកាន់កាប់នោះដែរ ៕
