រុស្ស៊ី៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានចាប់ផ្តើមបង្កើនកងកម្លាំងយោធារបស់ខ្លួននៅតាមព្រំដែនអ៊ុយក្រែន ព្រោះខ្លួនមិនអាចទ្រាំនឹងការពង្រីកខ្លួនចូលទៅតំបន់ខាងកើតរបស់អង្គការ NATO និងការឈ្លានពានបន្តិចម្តងៗរបស់អ៊ុយក្រែនទៀតទេ។ កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនបានធ្វើសមយុទ្ធ នៅក្នុងភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលមានភាពតានតឹងនៅតាមព្រំដែនជាមួយរុស្ស៊ី។

ក្នុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី "Fareed Zakaria GPS" លើកញ្ចក់ទូរទស្សន៍ CNN អ្នកនាំពាក្យរបស់លោក Putin គឺលោក Dmitry Peskov បាននិយាយថា ដំណាក់កាលសម្រាប់វិបត្តិព្រំដែនបច្ចុប្បន្ន ត្រូវបានកំណត់កាលពីប៉ុន្មានទសវត្សរ៍មុនគឺនៅក្នុងទសវត្សរ៍១៩៩០។ ទាហានរុស្ស៊ីប្រហែល ១០០,០០០នាក់ថ្មីៗនេះបានប្រមូលផ្តុំនៅជិតប្រទេសអ៊ុយក្រែន ដែលនាំឱ្យមានការព្រួយបារម្ភថា រុស្ស៊ីនឹងឈ្លានពានប្រទេសជិតខាងក្នុងពេលឆាប់ៗនេះ។ លោក Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា នៅពេលដែលប្រទេសអាល្លឺម៉ង់ត្រូវបានបង្រួបបង្រួមឡើងវិញ នៅពេលនោះសហភាពសូវៀត និងមេដឹកនាំសហភាពសូវៀតគឺលោក Mikhail Gorbachev បាននិយាយថា លោកឯកភាពចំពោះរឿងនោះមានការសន្យាដោយភាគីអាមេរិក។
លោកបានបន្តទៀតថា គួរឲ្យស្ដាយបញ្ហានោះមិនត្រូវបានផ្សះផ្សានៅក្នុងតុលាការ នៅក្នុងឯកសារធានាដែលជាប់កាតព្វកិច្ចផ្លូវច្បាប់នោះទេ ប៉ុន្តែវាមានការធានាថា NATO នឹងមិនពង្រីកឥទ្ធិពលហេដ្ឋារចនាសម្ព័ន្ធយោធា ឬហេដ្ឋារចនាសម្ព័ន្ធនយោបាយឆ្ពោះទៅកាន់តំបន់ភាគខាងកើតនោះទេ។ លោកបន្ថែមថា ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ ចាប់តាំងពីពេលនោះមករឿងផ្ទុយគ្នាជាច្រើនបានកើតឡើង ហើយហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការ NATO បានចាប់ផ្ដើមរំកិលចូលកាន់តែជិតព្រំដែននានារបស់សហព័ន្ធរុស្ស៊ី។ លោកថា ចំណាត់ការថ្មីៗរបស់យោធាដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើឲ្យរុស្ស៊ីមានអារម្មណ៍ថា សន្តិសុខជាតិរបស់ខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់៕
អត្ថបទ៖ សុខមាន