ក្រុមបាតុករនៅទីក្រុង Santiagoប្រទេសឈីលី និងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បាននាំគ្នាដង្ហែរក្បួន ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន និងបានថ្កោលទោសសកម្មភាពរបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។

ក្រុមបាតុករនាំគ្នាគោះឆ្នាំង ខណៈស្រែកពាក្យ “បញ្ឈប់អំពើប្រល័យពូជសាសន៍” និងអំពាវនាវឲ្យរដ្ឋាភិបាលផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ។
នៅក្នុងចំណោមអ្នកចូលរួម រួមមានទាំងឥស្សរជនមកពីអង្គការសិទ្ធិមនុស្ស និងបុគ្គលដែលមានមរតកប៉ាឡេស្ទីន ។
អ្នកស្រី Carolina Pastene គឺជាបាតុករមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅប្រទេសឈីលីថា អ៊ីស្រាអែលកំពុងបង្អត់អាហារជនប៉ាឡេស្ទីន ភាពអត់ឃ្លានគឺជាឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាសកម្មភាពប្រល័យពូជសាសន៍ ។
បាតុកម្មនេះដែរ បានធ្វើឡើងស្របពេលការរិះគន់អន្តរជាតិកើនឡើងលើសកម្មភាពយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ខណៈដែលចំណាប់អារម្មណ៍សកល បានផ្តោតសំខាន់លើភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា ៕
