ក្រុមជួយសង្រ្គោះនៅរដ្ឋ Uttarakhand បានចុះប្រតិបត្តិការរុករក សម្រាប់មនុស្សបាត់ខ្លួន រួមទាំងទាហាន និងកម្មករផងដែរ ក្រោយទឹកជំនន់ដ៏គំហុកបណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង រងការខូចខាត និងបណ្តាលឲ្យមនុស្សយ៉ាងហោច ៤នាក់ បាត់បង់អាយុជីវិត ។
កាលពីថ្ងៃអង្គារកន្លងទៅ ទឹកជំនន់ដ៏គំហុស បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិ Dharali និងភូមិ Harsil ស្ថិតក្នុងរដ្ឋ Uttarakhand បណ្តាលឲ្យមនុស្សជាច្រើន បានបាត់ខ្លួន និងបណ្តាលឲ្យភ្ញៀវទេសចរជាប់ខ្លួន ។

ផ្ទះត្រូវបានមើលឃើញកប់នៅក្នុងបំណាក់ភក់ និងកម្ទេចកម្ទី ពេលដែលគ្រឿងចក្របន្តកាយដី ស្វែងរកអ្នកភូមិជាប់ខ្លួន ។
លោក Bhanu Pratap Singh គឺជាមេបញ្ជាការនគរបាលព្រំដែនឥណ្ឌា-ទីបេតិ៍ និយាយថា នៅក្នុងចំណោមភូមិចំនួន ៨ ពួកយើងបានរកឃើញសាកសពមនុស្សម្នាក់ និងមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។ ក្រៅពីនោះ មន្រ្តីកងទ័ព ៨នាក់ និងកម្មករចន្លោះ ២០-២៥នាក់ ត្រូវបានគេនិយាយថា កំពុងបាត់ខ្លួន ៕
